សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកនេះ បានលើកសរសើរ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ព្រមទាំង យកអំណោយអង្ករ៥០តោន ហើយថែមដឹកនាំ កំពូលតារាចម្រៀងល្បីៗ ដូចជា ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា អ៊ុក សុវណ្ណារីជាដើមចុះចែកអំណោយដោយផ្ទាល់ នៅខេត្តបន្ទាយមានជ័យ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ” ការពិតលោកឧកញ៉ាឡេង ណាវ៉ាត្រា បានធ្វើដំណើរត្រឡប់វិញហើយដោយសម្រាកនៅខេត្តសៀមរាប បន្ទាប់ពីនាំក្រុមតារា មកចែកអំណោយជូនពលរដ្ឋ ប៉ុន្តែសម្ដេចបានបបួល មកចូលរួមកម្មវិធីចែកអំណោយនេះ។ “គេជួយ៦០ម៉ឺនដុល្លារ ឧកញ៉ាវ័យក្មេងរូបនេះ ជួយដល់៦០ម៉ឺនដុល្លារឯណោះ រួចគេដឹកអង្ករ៥០តោន មកចែកជូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យទៀត ចឹងហើយគេត្រឡប់ទៅដល់សៀមរាបក៏ហៅមកជាមួយទៅ”។ ការលើកសរសើរបែបនេះ គ្រាដែលសម្ដេចតេជោអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០នេះ។

ទទឹមគ្នានោះដែរ សម្ដេចក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល បើគិតត្រឹមម៉ោង 11:29 នាទីព្រឹក ថ្ងៃទី២០ តុលា ២០២០នេះថវិកាទទួលបាន 7,170,549 ដុល្លារ , 627,025,000 រៀល, ៥.០០០€ (ប្រាំពាន់អឺរ៉ូ) និងអង្ករ ១០០តោន ។ ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូប បានចូលរួមបរិច្ចាគថវិកា គេឃើញថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគ ថវិកាជូន៦០ម៉ឺនដុល្លារ ដែលជាចំនួន ដ៏ច្រើនជាងគេ។

សូមបញ្ជាក់ផងដែរថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា កាលពីម្សិលមិញនេះ បានដឹកនាំ តារាចម្រៀងរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ជាច្រើនដួង បានបង្ហាញវត្តមាន ជាមួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ ក្នុងមាន លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង កញ្ញា អ៊ុក សុវណ្ណារី ដែលដឹកនាំដោយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមជាមួយអំណោយជាអង្ករ ចំនួន៥០តោន និងគ្រឿងឧបភោប ជាច្រើន ថែមទៀតផង ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងទទួលរងគ្រោះ។ សកម្មភាពនេះ បានធ្វើឲ្យមហាជន កោតសរសើរនៅទឹកចិត្តមនុស្សធម៌នេះជាខ្លាំង ពិសេសនោះ គឺសម្ដេចតែម្ដង បានលើកសរសើរចំពោះមុខតែម្ដង៕


















