អ្នកឧកញ៉ា សុខ គង់ ចែកអំណោយដល់ប្រជាជនក្រីក្រ ៥០០០នាក់ នៅថ្ងៃពិធីសែនដកជើងធូប

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប និងក្រុមគ្រួសារ ​​បាន​រៀបចំ​ពិធី​ចែក​អំណោយ​ជា​ថវិកា និង​អង្ករ​​មួយ​ចំនួន ​​ជូន​ដល់​លោកយាយ លោកតា កុមារា កុមារី ជន​ពិការ កងកម្លាំង​សន្តិសុខ និង​ប្រជា​ជន​ក្រីក្រ​ សរុប​ប្រមាណ ៥០០០​នាក់ នៅ​​​គេហដ្ឋាន​របស់​លោក នៅថ្ងៃ​ពិធីសែនដក​ជើងធូប កាលពី​ថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​ឱ្យដឹង​ពីក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប​ ​​​បាន​បញ្ជាក់​ថា មិនខុស​ពី​ឆ្នាំ​មុន​នោះ​ទេ ជា​រៀង​រាល់​​ឆ្នាំ ​នៅ​ថ្ងៃ​ពិធី​សែន​ដកជើងធូប ឬជនជាតិចិន ហៅថា ពិធីជូនទេវតាឡើងឋានសួគ៌ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន និងក្រុមគ្រួសារ តែងតែ​រៀបចំពិធីចែកអំណោយនៅគេហដ្ឋានរបស់លោក។ ជាក់ស្តែងឆ្នាំនេះ មានប្រជាជន​ប្រមាណជា ៥០០០នាក់ បានទទួលអំណោយសប្បុរធម៍នេះ។ ​ជាមួយ​គ្នា​នេះ​ ក្រុមហ៊ុន​ក៏​សូមអរគុណសន្តិភាព និងរាជរដ្ឋាភិបាល​កម្ពុជា ដែលបានផ្តល់ភាពសុខដុមរមនា និងការរស់នៅ រកទទួលទានដោយសុខសាន្តដូចសព្វថ្ងៃនេះ។

ពិធី​ចែក​អំណោយ​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​កូនស្រី​របស់​អ្នកឧកញ៉ា សុខ គង់ ដូចជា ​​លោកស្រី​ឧកញ៉ា សុខ ចន្ថា, លោកស្រី​ឧកញ៉ា សុខ ចន្ធី, លោកស្រីឧកញ៉ា សុខ ចន្ធូ និង​​ស្វាមី​របស់​លោកស្រី គឺ​លោក​ឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ ​ផងដែរ។

អ្នកឧកញ៉ា សុខ គង់ ធ្លាប់​​បាន​ថ្លែង​ក្នុងពិធីសម្ពោធ​សៀវភៅ «អាថ៌កំបាំង​ពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០២៣ ​ថា​កើតមកជាមនុស្ស គ្មានអ្វី​លំបាក​ជាង​រស់នៅក្នុងស្ថានភាពក្រីក្រ​តោក​យ៉ាកនោះទេ។ ដូច្នេះដើម្បីឆ្លងផុតពីជីវិត​ក្រីក្រ លោក​បាន​ណែនាំ​ដល់​មនុស្ស​គ្រប់គ្នា​ត្រូវ​តែ​ចេះ​គិតគូ ប្រឹងប្រែង​ធ្វើការ ចេះ​សន្សំ​សំចៃ​ប្រាក់​កាស និង​ចេះ​ចាយ​លុយ​​ឱ្យ​ចំ​គោលដៅ តែ​ក៏​មិន​ត្រូវ​​កំណាញ់​​ពេក​នោះ​​ដែរ ​​ដោយ​ចេះ​ចែក​រំលែក​ដាក់​ទាន​ដល់​អ្នក​ក្រខ្សត់​ ឬ​ខ្វះខាត​ផង៕