ឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីជួបជុំសំណេះសំណាល ពិសាអាហារសាមគ្គី និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារសមាគម ក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ។
តាមការបញ្ជាក់ពីឧកញ៉ាបណ្ឌិត អេង ចំរើន បានឱ្យដឹងថា ពិធីនេះបានដំណើរការយ៉ាងរលូន ក្រោមបរិយាកាសប្រកបដោយភាពកក់ក្ដៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន សមាជិកក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ យ៉ាងច្រើនកុះករ។
លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា សមាគមយុវជនក្រុម៨ គឺជាសមាគមមនុស្សធម៌មួយដែលបានបង្កើតឡើងអស់រយៈពេល ១៤ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញផ្ទាល់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០១០។ លោកឧកញ៉ាបណ្ឌិត ក៏សូមប្តេជ្ញាចិត្តថានឹងបន្តសកម្មភាពក្រុមការងារឱ្យរឹតតែមានភាពផុសផុល ក៏ដូចជាខិតខំផ្តួចផ្តើមដឹកនាំ និងចូលរួមសកម្មភាពនានា និងការងារមនុស្សធម៌ឱ្យបានកាន់តែប្រសើរ រីកចម្រើន និងជោគជ័យជាបន្តបន្ទាប់ ដើម្បីចូលរួមលើកស្ទួយការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ពី លោកឧកញ៉ាបណ្ឌិត អេង ចំរើន លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនឹងបន្តពង្រឹងការដឹកនាំក្រុមការងារបច្ចុប្បន្ន ហើយបន្តពង្រីកសមាសភាពបន្ថែមទៀត ទាំងការពង្រឹងសមាសភាពសមាជិក សមាជិកា របស់ក្រុមការងារឲ្យកាន់តែរឹងមាំ ហើយនឹងព្យាយាមពង្រីកចលនាសកម្មភាពយុវជនបន្ថែមទៀត ដើម្បីមានការទំនាក់ទំនងល្អ និងធ្វើឲ្យកាន់តែមានភាពរឹងមាំគ្រប់កន្លែង អាចដឹងបានលឿនពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
សូមជម្រាបជូនថា កន្លងមកក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ការបង្កើតសហគមន៍កសិកម្ម ជួយដល់កសិករ ព្រមទាំងកិច្ចការងារជាច្រើនទៀត ដែលសកម្មភាពទាំងអស់នេះ មានគោលបំណងរួម គឺរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងចក្ខុវិស័យរយៈពេលវែង ដើម្បីកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច កែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការពារបរិស្ថាន៕