ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC កាលពីរសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយសមាគមធុរកិច្ចអូស្រ្តាលី (ABA) ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់អូស្រ្តាលីនាពេលខាងមុខ។

បើតាមហ្វេសប៊ុករបស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹង ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉។
នាឱកាសនោះ ឧកញ៉ាក៏បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល រៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា( FASMEC ) និង សមាគមមូលនិធិសម្ដេចតេជោ ជាមួយនឹងសមាគមធុរកិច្ចអូស្រ្តាលី(Australasian Business Association) ។

សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានបញ្ជាក់ដែរថា ពិធីចុះអនុស្សារណៈនេះ គឺធ្វើឡើងក្នុងគោលដៅជំរុញលើកិច្ចសហប្រត្តិបត្តិការក្នុងការនាំចេញ ផលិតផលប្រទេសកម្ពុជា ទៅកាន់ទីផ្សារ ប្រទេសអូស្ត្រាលីឱ្យកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ដែរថា ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះ បានធ្វើឡើងទីស្ដីការធុរកិច្ច សមាគមមូលនិធិសម្តេចតេជោ រាជធានីភ្នំពេញ៕




