ឧកញ៉ា ជា សុខឃាង និងលោកស្រី ទា ដាវី បានបើកដំណើរការជាផ្លូវការសាលារៀន អារីហ្សូន (Arizon School) សាខាឫស្សីកែវថ្មី ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីសមាគមឧកញ៉ាកម្ពុជា។

ពិធីសម្ពោធខាងលើ បានប្រារព្វធ្វើឡើងនៅទីតាំងសាលារៀន អារីហ្សូន សាខាថ្មីនេះ ដែលស្ថិតនៅអគារលេខ ២៤២៥ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានវត្តមានគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអ្នកអាណាព្យាបាលសរុបប្រមាណ ៨០០នាក់ចូលរួម។ សាលារៀន អារីហ្សូនថ្មី ស្ថិតនៅក្រោមស្ថាប័នអប់រំអេជី ហើយស្ថាប័នអប់រំមួយនេះ កំពុងគ្រប់គ្រងលើសាលាអន្តរជាតិហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី និងការិយាល័យតំណាងក្លូប៊លស្ទូដែនប្រចាំប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ឧកញ៉ា ជា សុខឃាង បច្ចុប្បន្នជាអនុប្រធានសមាគមឧត្តមសិក្សាកម្ពុជា, ជាស្ថាបនិក និងប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំ អេជី, សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា។ លោក ជា សុខឃាង ទទួលបានគោរមងារ «ឧកញ៉ា» ដែលប្រទានដោយព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១១៩/០៦៤ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩៕


