គណៈប្រតិភូនៃអតីតនិស្សិតពីសកលវិទ្យាល័យ Harvard ដែលមកពីបណ្ដាប្រទេសផ្សេងៗគ្នា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីការអភិវឌ្ឍរីកចម្រើន និងបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការសម្របសម្រួលពីប្អូនបង្កើតអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប គឺឧកញ៉ា លាង ពៅ កំពុងកាន់តួនាទីអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ គណៈប្រតិភូអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Harvard បានស្នើសុំជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីការអភិវឌ្ឍរីកចម្រើនកន្លងមក ផែនការអភិវឌ្ឍន៍ និងបរិយាកាសវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានប្រាប់នូវសាវតាមួយចំនួនតាំងពីការកសាងដំបូងនៃវិមានរាជរដ្ឋាភិបាល រហូតដល់វិមាននេះបានផ្ដល់មកជាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជាកន្លែងទទួល និងទាក់ទាញវិនិយោគិន ក៏ដូចជាអនុវត្តកិច្ចការងារសហប្រតិបត្តិការអភិវឌ្ឍន៍ផងដែរ។ លោកបន្តថា កម្ពុជាបានបន្តអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់លើគ្រប់វិស័យ ពិសេសមានច្បាប់វិនិយោគដែលមានភាពបើកចំហរជាងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន (Liberal Investment Law)។

លោកបន្ថែមទៀតថា. ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើគ្រប់វិស័យ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ និងសម្រួលការធ្វើដំណើរទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងសំខាន់ៗទាំងនោះរួមមាន៖ គម្រោងពង្រីកផ្លូវជាតិសំខាន់ៗតភ្ជាប់កម្ពុជាទៅប្រទេសជិតខាង, គម្រោងលើកកម្រិតផ្លូវជាតិលេខ៥, គម្រោងសិក្សាផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងសិក្សាផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។
លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស និងដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕





