ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៥ អាណត្តិទី៤ នៅសណ្ឋាគារបារ៉ាឌីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមការឱ្យដឹងពី សហព័ន្ធស្រូវអង្ករកម្ពុជា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៥ អាណត្តិទី៤ ដែលជាកិច្ចប្រជុំទីមួយ ក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅតាមរបៀបវារៈមួយចំនួន រួមមាន៖ ១)ត្រួតពិនិត្យទៅលើរបាយការណ៍កិច្ចប្រជុំលើកទី៤ អាណត្តិទី៤, ២)ត្រួតពិនិត្យទៅលើរបាយការណ៍វឌ្ឍនភាព សម្រាប់រយៈពេល១២ខែ, ៣)ពិនិត្យ និងអនុម័តទៅលើផែនការថវិកា និងផែនការសកម្មភាពឆ្នាំ២០២៤, ៤)ពិនិត្យ និងពិភាក្សាទៅលើបញ្ហាប្រឈម និងដំណោះស្រាយដែលកើតមានក្នុងវិស័យស្រូវអង្ករកម្ពុជានាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា តាមរយៈការបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំសារជាថ្មី អាណត្តិទី៤ ឆ្នាំ២០២៣-២០២៥ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ ឧកញ៉ា សុង សារ៉ន ជាប់ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ចាន់ សុឃាំង ជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានសមាសភាពសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ចំនួន ២១រូបទៀត រួមមាន៖ អ្នកឧកញ៉ា ភួ វាសនា, ឧកញ៉ា យិន វែងអាន, លោក ហេង ផេង, លោក រស់ សុផារិទ្ធ, លោក ហ៊ាង គីមហ៊ួរ, លោក ម៉េង បូរ៉ាន់, លោក ហុង តុង, លោក ចាន់ ពេជ្រ, លោក យន់ ហុង, លោក កាន់ គន្លី, លោក ថូវ វុទ្ធី, លោក ហ៊ី ហ៊ត, លោក ចាន់ វុទ្ធី, លោក ម៉ាក ចំរើន, លោកស្រី ឡ សេងលាភ, លោកស្រី ផាប រក្សា, លោកស្រី ថេ សុខា, កញ្ញា សៅ ខេមណ្ណារ័ត្ន, លោក ឈិត ប៊ុនថន, លោក និល សុភាព និងលោក ឆេង ថុង។
សហព័ន្ធស្រូវអង្ករកម្ពុជា បង្កើតឡើងក្រោមកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០១៤ ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម ដែលជាដៃគូរាជរដ្ឋាភិបាលតែមួយគត់ ក្នុងការអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលរហូតដល់ពេលនេះមានរយៈពេល ១០ឆ្នាំ មកហើយ៕