កូនប្រុសច្បងអ្នកឧកញ៉ា ទ្រី ភាព គឺឧកញ៉ា ទ្រី ដាលុច អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប បង្ហាញវត្តមានក្នុងជំនួបសម្តែងការគួរសមពីលោក អួន ប៊ុនឡឺត (Oun Bun Leth) អតីតកងការពារប្រធានាធិបតីអាមេរិក៤ជំនាន់ ចំពោះលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបនេះ អតីតកងការពារប្រធានាធិបតីអាមេរិករូបនេះ បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីនូវគោលបំណងនិងឆន្ទៈក្នុងការវិលត្រលប់មកប្រទេសកម្ពុជាវិញ មកទាំងចំណេះដឹង និងបទពិសោធន៍ដែលលោកមាន យកមកជួយប្រទេសកម្ពុជាតាមដែលអាចធ្វើទៅបាន។
លោក អួន ប៊ុនឡឺត ជាអតីតកងការពារប្រធានាធិបតីអាមេរិក៤ជំនាន់ រួមមានជំនាន់ប្រធានាធិបតី George W. Bush ប្រធានាធិបតី Barack Obama ប្រធានាធិបតី Donald Trump រហូតដល់ជំនាន់ប្រធានាធិបតី Joe Biden ផងដែរ។

ជាមួយគ្នានេះ អតីតកងការពារប្រធានាធិបតីរូបនេះ បានរៀបរាប់អំពីដំណើរជីវិតក្នុងសៀវភៅមួយក្បាលដែលលោកបានសរសេរចងក្រងមានចំណងជើង “A REFUGEE’S AMERICAN DREAM: From the Killing Fields of Cambodia to the U.S. Secret Service”៕



