ធនាគាររបស់ អ្នកឧកញ៉ា ឧកញ៉ា ៣រូប បានភ្ជាប់ប្រព័ន្ធទូទាត់វិក្កយបត្ររបស់ក្រសួងមហាផ្ទៃ

ជុំវិញ​ឧកញ៉ា

ធនាគាររបស់ អ្នកឧកញ៉ា ឧកញ៉ា ចំនួន ៣រូប ​​​​​ជាធនាគារ​ដៃគូ​ជាមួយ​ក្រសួងមហាផ្ទៃ និង​​បានភ្ជាប់ប្រព័ន្ធទូទាត់​វិក្កយបត្រ ​ក្នុង​ការ​ទូទាត់​កម្រៃសេវារដ្ឋបាល​នានា​នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ដើម្បី​​កាន់​តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្នុង​ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បង​កម្មវិធី​ព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ក្រោមអធិបតីភាព​ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​​នា​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សួស ប្រាថ្នា អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឱ្យ​ដឹង​​ថា ធនាគារ វីង របស់​អ្នកឧកញ៉ា គិត ម៉េង, ធនាគារ កាណាឌីយ៉ា របស់​អ្នកឧកញ៉ា ពុង ឃាវសែ និង​ធនាគារ ហត្ថា របស់​ឧកញ៉ា ហួត អៀងតុង រួម​ទាំង​ធនាគារ​ដៃគូ​ចំនួន ៨​ទៀត គឺជា​ដៃគូ​បានភ្ជាប់​ប្រព័ន្ធទូទាត់​វិក្កយបត្រ (Payment Hub)។

​​​​លោក សួស ប្រាថ្នា ​​បាន​​​លើកឡើង​ក្នុង​របាយការណ៍​​ថា អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន KESS INNOVATION PLC បំពាក់ម៉ាស៊ីនទូទាត់ប្រាក់ស្វ័យប្រវត្តិជូនរដ្ឋបាលរាជធានី ខេត្ត ដែល​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋអាចមានជម្រើសកាន់តែច្រើន ក្នុងការទូទាត់កម្រៃសេវារដ្ឋបាល ពោលគឺអាចបង់កម្រៃ​សេវា​តាមរយៈ​ប្រព័ន្ធធនាគារ ឬភ្នាក់ងារផ្តល់សេវាផ្ទេរប្រាក់ផ្សេងៗ ឬបង់កម្រៃសេវាជាសាច់ប្រាក់ដោយផ្ទាល់ក៏បាន។ ​

លោក​​អគ្គនាយករដ្ឋបាល បាន​បន្ថែម​ដូច្នេះ​ថា៖ “បច្ចុប្បន្ន​ ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) ​​បាន​ភ្ជាប់​ជាមួយ​ធនាគារ​ដៃគូ​មាន​ចំនួន ១២ រួមមាន៖ ១.ធនាគារ អេស៊ីលីដា, ២.ធនាគារ អេប៊ីអេ, ៣.ធនាគារ ប៊ីអាយស៊ី, ៤.ធនាគារ វីង, ៥.ធនាគារ ស្ថាបនា, ៦.ធនាគារ កាណាឌីយ៉ា, ៧.ធនាគារ ភីភីស៊ីប៊ី, ៨.ធនាគារ ហត្ថា, ៩.ក្រុមហ៊ុន យូផេឌីជីថល, ១០.ភ្នាក់ងារ​ផ្ទេរប្រាក់​ទ្រូម៉ាន់នី, ១១.ភ្នាក់ងារ​ផ្ទេរប្រាក់ អ៊ីម៉ាន់នី និង ១២.ប្រព័ន្ធ KHQR បាគង។ ជាមួយគ្នានេះ ក្រសួង​ក៏​គ្រោង​ពង្រីក​ការ​តភ្ជាប់​ជាមួយ​ធនាគារ​ដៃគូ​ផ្សេងៗ​ទៀត នៅ​ពេល​អនាគត​ផង​ដែរ”។

​តាម​ការ​បញ្ជាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាលតាមរយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញ​ប្រសិទ្ធ​ភាព និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការស្នើសុំសេវារដ្ឋបាលឱ្យបានកាន់តែឆាប់រហ័ស តម្លាភាព និង​គណនេយ្យ​ភាព ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។ លោក​ឧបនាយករដ្ឋមន្ត្រី​ យល់​ថា​ប្រព័ន្ធទូទាត់វិក្កយបត្រនេះ​ ក៏​នឹង​ចូលរួមចំណែកបំបាត់អំពើពុករលួយ និងការទាមទារ​កម្រៃសេវាក្រៅផ្លូវការ កាត់បន្ថយបន្ទុកបុគ្គលិកក្នុងការកាន់សាច់ប្រាក់ និងធានាបាននូវសុវត្ថិភាពខ្ពស់៕