ឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia និងជាអគ្គនាយកបុរី វិមានសំណាង បានសង្កេតឃើញថា រយៈពេល១ខែដំបូង ក្នុងឆ្នាំ២០២៤នេះ ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា មានលក្ខណៈល្អប្រសើរជាងមុន បើធៀបនឹងចុងឆ្នាំ២០២៣ កន្លងទៅ ដែលជួបស្ថានភាពលំបាកបំផុតមិនធ្លាប់ជួបប្រទះ។
ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ឧកញ៉ា គីម ហ៊ាង បានលើកឡើងថា វិស័យអចលនទ្រព្យ បានរងផលប៉ះពាល់តាំងពីឆ្នាំ២០២០ បើគិតទៅយើងរងផលប៉ះពាល់រយៈពេល៤ឆ្នាំមកហើយ និងកំពុងឈានចូលដល់ឆ្នាំទី៥។ តាមការសង្កេតរបស់លោក រយៈពេល៦ខែចុងក្រោយឆ្នាំ២០២៣ វិស័យអចលនទ្រព្យ បានធ្លាក់ចុះយ៉ាងខ្លាំង ដល់កម្រិតមួយមិនធ្លាប់ជួបប្រទះនាពេលកន្លងមក នេះបើគិតលើមធ្យមភាគនៃការលក់អចលនទ្រព្យ។ ចូលដល់ឆ្នាំថ្មី មនុស្សជាច្រើនរំពឹងថា គួរតែមានស្ថានភាពល្អជាងមុន នៅឆ្នាំ២០២៤។
លោកឧកញ៉ា បានបន្ថែមដូច្នេះថា៖ “ក្នុងមួយខែដំបូងឆ្នាំ២០២៤ ខ្ញុំមើលឃើញថា សកម្មភាពអចលនទ្រព្យល្អជាងចុងឆ្នាំ២០២៣ ខណៈដែលវិស័យទេសចរណ៍ វិស័យកសិកម្ម និងឧស្សាហកម្ម ក៏កំពុងល្អប្រសើរឡើងវិញ”។
ទោះយ៉ាងណា លោកឧកញ៉ាយល់ឃើញថា អ្វីដែលយើងខ្វះនាពេលបច្ចុប្បន្ន គឺខ្វះវិនិយោគទុនពីបរទេស។ ដូច្នេះអ្វីដែលយើងត្រូវធ្វើពេលនេះ គឺយើងត្រូវមានវិធានការធ្វើយ៉ាងណា ដើម្បីទាក់ទាញបរទេសឱ្យមករកស៊ីនៅស្រុកខ្មែរ។ នៅពេលបរទេសមកកាន់តែច្រើន លុយតែកាន់តែច្រើន នោះហើយជាថ្នាំព្យាបាលជំងឺដែលយើងស្ទះរយៈពេល ៤ឆ្នាំកន្លងមកនេះ។ លោកឧកញ៉ា បន្តថា បច្ចុប្បន្ន វិស័យសំណង់ បុរី ខុនដូ ខ្មែរយើងបានធ្វើច្រើនហើយ និងលើសពីតម្រូវការរបស់ជនជាតិខ្មែរទៅទៀត។ ដូច្នេះអ្វីដែលយើងត្រូវការពេលនេះ គឺលុយបរទេសដែលមកវិនិយោគលើវិស័យផ្សេងៗទៀត ទាក់ទងនឹងសេដ្ឋកិច្ចជាតិ មិនមែនត្រឹមតែអចលនទ្រព្យនោះទេ។
យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងឆ្នាំ២០២៤ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦,១ភាគរយ។ រីឯការព្យាកររបស់រាជរដ្ឋាភិបាលកម្ពុជាខ្លួនឯង បានឱ្យដឹងថា ឆ្នាំ២០២៤នេះ កម្ពុជារំពឹងទទួលបានកំណើនសេដ្ឋកិច្ចរហូតដល់ ៦,៦ភាគរយ ដោយពឹងលើវិស័យសំខាន់ៗចំនួន ៣ រួមមានវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។
គួរបញ្ជាក់ថា បើតាមធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ សម្រេចបានក្នុងកំណើនក្នុងរង្វង់ ៥,៥% ជាមួយកម្រិតអតិផរណាទាបក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងគាំទ្រជាចម្បងដោយការនាំចេញទំនិញ និងការបន្តងើបឡើងលឿននៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗ ក្នុងនោះរួមទាំងវិស័យអចលនទ្រព្យផងដែរ៕