អ្នកឧកញ៉ា តុល លន ដែលជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យដ៏លេចធ្លោក្នុងតំបន់ចោមចៅ ខណ្ឌពោធិ៍សែន និងនៅក្នុងក្រុងព្រះព្រះសីហនុ ជាស្ថាបនិក បុរី លន ស៊ីធី បានរៀបចំពិធីចូលចែវចូវស្តីដណ្តឹងកូនស្រីឈ្មោះ វង្ស សូហ៊ុយ មកឲ្យកូនប្រុសរបស់លោកឈ្មោះ លន លាងហុង កាលពីពេលថ្មីៗកន្លងទៅ។

សិរីសួស្តីពិធីពិសាស្លាដក់កន្សែងធ្វើឡើងក្រោមវត្តមានលោកមេប៉ាតូចធំត្រកូលរាមច្បងទាំងសងខាងយ៉ាងឱឡារិកតាមទំនៀមទម្លាប់ខ្មែរ ដោយរៀបចំគ្រឿងភស្តុភាបណ្ណាការ (ជំនូន) ព្រមទាំងការផ្កាភ្ញីស្រស់ៗជាច្រើនរយទងរំលេចដោយពណ៌ស្វាយ និងពណ៌ផ្កាឈូកស្រស់ជាដើម។ ពិសេសនោះ ពិធីភ្ជាប់កូនប្រុសស្រីលោកមេបាទាំងសងខាង ក៏បានរៀបចំក្នុងភូមិគ្រឹះបែបខ្មែរបុរាណលើទំហំផ្ទៃដីជាច្រើនហិកតា។
ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរពិធីភ្ជាប់ពាក្យកូនប្រុសស្រីរបស់អ្នកឧកញ៉ា តុល លន ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីអ្នកឧកញ៉ា ឧកញ៉ាៗធំៗ និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូប ដូចជា៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា មន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត៕














