ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (TWPC Investment Co., Ltd) ដែលបានបើកសម្ពោធដំណើរការរោងចក្រកែច្នៃដំឡូងមី តម្លៃជាង ១០លានដុល្លារ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា សូមអបអរសាទរចំពោះលោក Ren Hau Ho នាយកក្រុមហ៊ុន និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន TWPC Investment សម្រាប់ការបើកសម្ពោធជាដំណើររោងចក្រកែច្នៃដំឡូងមី ក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាធ្វើការរួមគ្នាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព ទំនួលខុសត្រូវសង្គម និងភាពជាដៃគូយុទ្ធសាស្ត្រ។
«បន្ទាប់ពីភាពជាដៃគូ និងមិត្តអស់រយៈពេល ៧ឆ្នាំ ខ្ញុំសូមអរគុណលោក និង លោកឪពុករបស់លោកដែលបានបង្កើតរោងចក្រកែច្នៃដំឡូងមីដ៏ទំនើបមួយនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជាមួយនឹងការការដឹកនាំ និងប្រវត្តិរបស់លោក ខ្ញុំជឿថាលោកនឹងពង្រីករោងចក្របន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នា នៅឆ្នាំ២០៣០ និងលើសពីនេះ។ យើងសូមជូនពរឱ្យលោក និងក្រុមការងាររបស់ ថៃ វ៉ា ទទួលជោគជ័យ ភាពចម្រុងចម្រើន នៅក្នុងបណ្តាក់ទុនថ្មីនេះ»។ លោកឧកញ៉ា សុង សារ៉ន បានបន្ថែម។

ក្រុមហ៊ុនធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន ដែលមានប្រភពមកពីប្រទេសថៃ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យល់ព្រមលើសំណើសុំវិនិយោគរោងចក្រកែច្នៃដំឡូងមី តម្លៃ ១០,៤លានដុល្លារ ស្ថិតនៅចម្ងាយត្រឹម ១០គីឡូម៉ែត្រ ភាគខាងត្បូងព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ រោងចក្រ ស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មួយនេះ មានសមត្ថភាពទទួលទិញដំឡូងមីស្រស់ពីកសិករប្រមាណ ៦០០ តោនក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង ៣លានតោន នៅក្នុងឆ្នាំ២០២៣។ ចំពោះតម្លៃដំឡូងមីនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ នៅរក្សាបានតម្លៃល្អប្រសើរក្នុងចន្លោះ ៣៥០-៣៨០រៀលក្នុងមួយគីឡូក្រាម ចំពោះដំឡូងមីស្រស់។ ចំណែកឯដំឡូងមីក្រៀម មានតម្លៃចន្លោះពី ៧០០-៨០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយប្រជាកសិករអាចទទួលយកបាន៕


