អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលជួបសម្តែងការគួរសមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ​​នៅ​ព្រឹក​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ​ បាន​ដឹកនាំអ្នកឧកញ៉ា ឧកញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​​ ជាមួយ​លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដែលបាន​អមដំណើរអ្នកឧកញ៉ា គិត ម៉េង ចូលរួមក្នុងជំនួបនេះរួមមាន៖ អ្នកឧកញ៉ា លឹម ហេង, អ្នកឧកញ៉ា លី ឃុនថៃ, ឧកញ៉ា គួច ផេង, ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា លឹម សុជាតិ ដែលជា​អនុប្រធាន​សភាពាណិជ្ជកម្ម។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​​បាន​ថ្លែង​ប្រាប់ Oknha News ឱ្យ​ដឹង​ថា ជំនួបសម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នេះ គឺធ្វើឡើង​ក្នុងនាម​ភាពជាដៃគូ​​របស់​សភាពាណិជ្ជកម្មកម្ពុជា ដែល​មាន​​ក្រសួងពាណិជ្ជកម្ម​ ជា​អាណាព្យាបាល។ អ្នកឧកញ៉ា បាន​បន្ត​ថា យើង​ជួប​គ្នា​ដើម្បី​ដាក់​ចេញ​ជា​យុទ្ធសាស្ត្រ និង​គោលដៅ​ថ្មី សម្រាប់​ឆ្នាំ​ថ្មី និង​ទៅ​អនាគត ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដែល​យើង​មាន​ការិយាល័យ​តំណាង ហើយ​សភាពាណិជ្ជកម្ម​នៅ​តាម​បណ្តាខេត្ត នឹង​ពង្រីក​ឱ្យ​បាន​ទាំង ២៥​រាជធានី ខេត្ត។ ជំនួប​នេះ​ដែរ ក៏​បាន​លើកឡើង​ពី​ការ​រៀបចំ​​នូវ​វេទិកា​ធុរកិច្ច​ផ្សេងៗ នៃ​ដំណើរ​ទស្សនកិច្ច និង​ដំណើរ​បេសកកម្ម​របស់​​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ផង​ដែរ។

បន្ថែមពីនេះ អ្នកឧកញ៉ា លឹម ហេង បាន​ឱ្យ​ដឹងទៀត​ថា ​ជំនួប​ខាង​លើ​ក៏​បាន​ពិភាក្សា​គ្នា​ពី​ការ​រៀបចំ​បង្កើត​ច្បាប់​ និង​បទប្បញ្ញត្តិ​ថ្មីៗ ស្តីពី​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ផង​ដែរ ដើម្បី​​ឱ្យ​សភាពាណិជ្ជកម្ម​​កម្ពុជា​ ដែល​តំណាង​ឱ្យ​វិស័យ​ឯកជន​​តែ​មួយ​គត់​​នៅ​កម្ពុជា ​​ចូល​រួម​ក្នុង​ការ​តាក់តែង​​​សេចក្តីព្រាង​ច្បាប់ និង​បទប្បញ្ញត្តិថ្មីៗ​​នេះ​ឡើង។

សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពា​ណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។

សូមជម្រាបថា សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្ម​ មិនសំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឱ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​​នៅ​ទូទាំង​ប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕