​ឧកញ៉ា ខុង លីស៊ីអាណា ម្តាយលោក ឌួង ឆាយ ក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកស្រី​ឧកញ៉ា ខុង លីស៊ីអាណា ម្ចាស់ក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) ​បាន​ក្លាយ​ជា​សមាជិកថ្មី​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា។ នេះ​បើ​តាម​សេចក្តីប្រកាសព័ត៌មាន​​របស់​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ខុង លីស៊ីអាណា ​​ត្រូវ​បាន​ព្រះមហាក្សត្រ​​ចេញ​ព្រះរាជក្រឹត្យ​ ត្រាស់បង្គាប់​ផ្តល់​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ លោកស្រីឧកញ៉ា ​​​​ត្រូវ​បាន​គេ​ស្គាល់​ថា ​​ជា​ម្តាយ​របស់​លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development និង​ជា​ម្ចាស់​បុរី ដោនថោន ផ្លូវ ២០០៤ រាជធានីភ្នំពេញ។ លោកស្រីឧកញ៉ា ជាម្ចាស់ក្រុមហ៊ុន ឌីអិនជី គ្រុប ដែលជា​ប្រភេទ​អាជីវកម្ម​សំណង់ (សាងសង់​អគារ) មាន​ទីស្នាក់ការកណ្តាល នៅ​សង្កាត់​បឹង​ព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពា​ណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា និង​គ្រោង​ពង្រីក​ឱ្យ​បាន​ទាំង​​ ២៥រាជធានី-ខេត្ត ក្នុងពេលឆាប់ៗ។

សភាពាណិជ្ជកម្ម​ ជា​ស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្ម​ មិនស្វែង​​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឱ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​​នៅ​ទូទាំង​ប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕