ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈឆ្នាំនេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា ព្រមទាំងសហការី បានចែករំលែកនូវក្តីស្រឡាញ់ នាំយកអំណោយមួយចំនួន ជូនដល់កុមារីអភ័ព្វ នៅអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP Cambodia)។
លោកឧកញ៉ា ហ៊ួត ជា បានលើកឡើងលើទំព័រហ្វេសប៊ុកថា៖ “រីករាយថ្ងៃបុណ្យក្តីស្រឡាញ់ ១៤កុម្ភៈ ២០២៤! ខ្ញុំបាទ ហ៊ួត ជា និងបងស្រី ហ៊ួត គាម មិត្តល្អៗសាខានិងសហការី ហ៊ួត ជា ទាំងអស់ បានធ្វើបុណ្យចែករំលែកក្តីស្រឡាញ់ជូនដល់កូនៗក្នុងមណ្ឌល (អាហ្វេស៊ីប) កុមារីរងគ្រោះរួមមានអំណោយដូចជា ទឹកប្រាក់ និងគ្រឿងបរិភោគ អង្ករ សម្ភារៈសិក្សាចំនួន ២៥០ឈុត ជូនដល់កូនៗ ដែលរងគ្រោះ”។
កុមារីនៅអង្គការអាហ្វេស៊ីបកម្ពុជា ជាអតីតជនរងគ្រោះ ដែលទទួលរងនៅអំពើរំលោភបំពានផ្លូវភេទ ជួញដូរ និងសកម្មភាពផ្សេងទៀត។ ក្នុងឱកាសនេះដែរ លោកឧកញ៉ា ហ៊ួត ជា ក៏បានផ្តាំថា បើកូនៗចង់ទទួលបានជោគជ័យត្រូវតែមានគោលដៅច្បាស់លាស់ក្នុងជីវិត។
ឧកញ៉ា ហ៊ួត ជា គឺជាអ្នកជំនួញមួយរូប ដែលតែងតែចូលរួមយ៉ាងសកម្មលើការងារសប្បុរសធម៌នានា ទាំងការចូលរួមបរិច្ចាគក្នុងសកម្មភាពរបស់រាជរដ្ឋាភិបាល និងជួយដល់ប្រជាជនដែលខ្វះខាតផ្សេងៗ។ ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ លោកឧកញ៉ាក៏បាននាំយកអំណោយមួយចំនួន ទៅប្រគល់ជូនអតីតជាងសំណង់មួយរូប ដែលបានជួបគ្រោះថ្នាក់ក្នុងការដ្ឋាន រហូតធ្លាក់ខ្លួនពិការផងដែរ៕