អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានបង្ហោះសារលើបណ្តាញសង្គមអំពាវនាវដល់ម្ចាស់សហគ្រាសដែលមានផលិតផល ចង់ដាក់ចូលលក់ក្នុងម៉ាត 7Eleven នឹងមានឱកាសអាចណាត់ជួបតំណាងក្រុមហ៊ុនថៃបាន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តពិនិត្យលើគុណភាពស្តង់ដា ក្នុងគោលបំណងជំរុញផលិតផលខ្មែរលក់ក្នុង 7Eleven ឱ្យរឹតតែច្រើនជាការចូលរួមលើកស្ទួយផលិតផលខ្មែរ។

សេចក្តីអំពាវនាវរបស់ អ្នកឧកញ៉ា ភួ វាសនា ខាងលើនេះ ក្នុងឱកាសដែលអ្នកឧកញ៉ា ទទួលគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ម្ចាស់អាជីវកម្ម និងពាណិជ្ជករថៃ ចំនួន២២រូប ដឹកនាំដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលធ្វើទស្សនកិច្ចពាណិជ្ជកកម្ម នៅខេត្តបាត់ដំបងចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ នឹងមានកម្មវិធី ១)ជំនួបពាណិជ្ជកម្មជាមួយសភាពាណិជ្ជកម្មខេត្តបាត់ដំបង ២)ជំនួបសម្តែងការគួរសមជាមួយរដ្ឋបាលខេត្តបាត់ដំបង ៣)ទស្សនកិច្ចសិក្សា រោងចក្រ-សហគ្រាសសំខាន់ៗ និងតំបន់សក្តានុពលនានា ក្នុងខេត្តបាត់ដំបង។


សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តបាត់ដំបង២០២៤ រៀបចំឡើងមានគោលបំណង លើកកម្ពស់សមត្ថភាពម្ចាស់អាជីវកម្ម ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ ពីដំណើរការនៃការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងសង្វាក់ផលិតកម្ម និងការចាប់ដៃគូពាណិជ្ជកម្ម រវាងក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងជាមួយក្រុមហ៊ុនថៃ ផងដែរ៕

