អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈនេះ បានដឹកនាំសមាជិក សមាជិកា និងម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) ចំនួន៤៦ ចូលរួមកម្មវិធីជំនួបពាណិជ្ជកម្ម និងដាក់តាំងបង្ហាញផលិតផល រវាងសភាពាណិជ្ជកម្មខេត្តបាត់ដំបង ជាមួយនឹងគណ:ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា រួមមានពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃ ជាពិសេសស្វែងរកឱកាសសហការលក់ផលិតផលខ្មែរជាមួយតំណាងម៉ាត 7-Eleven។

កម្មវិធីជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីគណ:ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន ២២រូប និងតំណាងក្រុមហ៊ុនថៃ ចំនួន១២ រួមមានទាំងក្រុមហ៊ុន CP ក្រុមហ៊ុន 7-Eleven និងក្រុមហ៊ុនមួយចំនួនទៀត។ ជាលទ្ធផល ផលិតផលក្នុងខេត្តបាត់ដំបងនឹងមានឱកាសចូលដាក់លក់ក្នុងម៉ាត 7-Eleven គ្រប់សាខាក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ។

ជាកិច្ចបន្ទាប់គណ:ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងគណ:ប្រតិភូសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានចូលសំដែងការគួរសម ជាមួយលោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង នៅរដ្ឋបាលខេត្តបាត់ដំបង ដើម្បីសុំអនុសាសន៍ណែនាំពីលោកអភិបាលខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធ។
សូមជម្រាបថា ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ម្ចាស់អាជីវកម្ម និងពាណិជ្ជករថៃ ជាង២០រូប ទៅទស្សនកិច្ចពាណិជ្ជកកម្ម នៅខេត្តបាត់ដំបងចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពី អ្នកឧកញ៉ា ភួ វាសនា។ ក្នុងដំណើរទស្សនកិច្ចនេះ មានកម្មវិធី ១)ជំនួបពាណិជ្ជកម្មជាមួយសភាពាណិជ្ជកម្មខេត្តបាត់ដំបង ២)ជំនួបសម្តែងការគួរសមជាមួយរដ្ឋបាលខេត្តបាត់ដំបង និង ៣)ទស្សនកិច្ចសិក្សា រោងចក្រ-សហគ្រាសសំខាន់ៗ និងតំបន់សក្តានុពលនានា ក្នុងខេត្តបាត់ដំបង៕













