អ្នកឧកញ៉ា លី យ៉ុងផាត់ ចាត់តាំងអ្នកឧកញ៉ា ហ៊ុន ឡាក់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ២២រូប ទៅចូលរួមកម្មវិធីមួយ នៅប្រទេសថៃ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ​សមាគម​ឧកញ៉ាកម្ពុជា ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា​ចំនួន ២២រូប ទៅ​ចូលរួមកម្មវិធី «ទំព័រថ្មីនៃកាលានុវត្តភាព​វិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា» នៅប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីពិសេសនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំដោយស្ថានទូតនៃ​ព្រះរាជាណា​ចក្រកម្ពុជា​ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។ កម្មវិធីរយៈពេល ០២ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ​អំពី​សក្តានុពលវិនិយោគនៅកម្ពុជាដល់បណ្តាស្ថានទូតបរទេសនានា ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ និងវិនិយោគិន​បរទេស ក៏ដូចជាផ្តល់ឱកាសដល់ការផ្គូរផ្គងដៃគូពាណិជ្ជកម្ម​ជាមួយធុរជន ដែលជាសមាជិក​នៃសមាគម​ឧកញ៉ាកម្ពុជា​ផងដែរ។

ក្រៅពីនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏នឹងចូលជួបពិភាក្សាធុរកិច្ចមួយចំនួន​លើកិច្ចសហប្រតិបត្តិការរវាងធុរជន​នៃប្រទេសកម្ពុជា និងអ៊ីស្រាអែស ជាពិសេសលើវិស័យកសិកម្មដូចជា ការបណ្តុះបណ្តាលជំនាញកសិកម្មជាដើម។ ជំនួប​ពិភាក្សានេះ នឹងមានការចូលរួមពី​លោក​ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ព្រមទាំងឯកអគ្គរដ្ឋទូត​នៃប្រទេស​អ៊ីស្រាអែលប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏។

ទំនាក់ទំនង​កម្ពុជា-ថៃ ​​​កំពុង​តែ​បង្ហាញ​ពី​ភាព​រឹងមាំ​មួយ​កម្រិត​ទៀត បន្ទាប់ពី​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​​​​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ នៅ​រាជធានីបាងកក ជួប​​នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​ភាគី​ទាំង​ពីរ​ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី «ការពង្រឹងភាព​ជា​ដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាប​ថា ​កន្លង​មក​កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ បានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើនរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ទេសចរណ៍ ការងារ ថាមពល វិនិយោគ និង​ពាណិជ្ជកម្ម៕