តើឧកញ៉ា សំ សុខនឿន យល់បែបណា ចំពោះស្ថានភាពវិស័យដីឡូត៍នៅកម្ពុជា ឆ្នាំ២០២៤?

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​មួយ​រូប​នៅ​កម្ពុជា យល់​ឃើញ​ថា មកដល់ឆ្នាំ២០២៤នេះ វិស័យដីឡូត៍​នៅកម្ពុជា មិនសូវមាន​តម្រូវការ​ទៀត​នោះ​ទេ រីឯ​ការ​ទិញដីឡូត៍​ដើម្បី​បាន​ផល​ចំណេញ ក៏​មិន​អាច​ចំណេញ​នោះ​ដែរ ឬ​អាច​ត្រូវការ​រយៈពេល​យូរណាស់ ទើប​អាច​ចំណេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Oknha News ​​កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ​ ​​លោកឧកញ៉ា សំ សុខនឿន បាន​លើកឡើង​​ថា នៅពេលបច្ចុប្បន្ន ដីឡូត៍មានច្រើនមែនទែន គ្រប់កន្លែងទាំងអស់ជុំវិញ​រាជធានី​ភ្នំពេញ តាមបណ្តាខេត្ត ហើយសូម្បី​នៅ​តាម​ជនបទ​មួយ​ចំនួន ក៏​មាន​ដីឡូត៍​លក់​ដែរ។ សម្រាប់​​លោក​ ដីឡូត៍​គឺជាការ​អភិវឌ្ឍមួយ​ សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​មាន​លំនៅឋាន​ អាច​ឱ្យ​គាត់​​មានដី​​ជាកម្មសិទ្ធិ​របស់​ខ្លួន​ និង​អាច​អភិវឌ្ឍ​លំនៅឋាន ប៉ុន្តែ​​អ្វី​ដែល​យើង​សង្កេត​មើលឃើញ​មក​ដល់​ពេល​នេះ​ គឺ​ការ​អភិវឌ្ឍ​ដីឡូត៍​ បាន​បង្ករ​ភាព​លំបាក​យ៉ាង​​ច្រើន​ដល់​រាជរដ្ឋាភិបាល ក៏​ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​​បាន​ទិញ​ដីឡូត៍​ហើយ តែមិន​ទទួលបាន​ដីឡូត៍, បាន​វិនិយោគ​​ហើយ តែមិន​ទាន់​បាន​ផល​ចំណេញ, បាន​​និង​កំពុង​ដាក់​ទុន​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍​មួយ​ចំនួន​សង្ឃឹម​ថា​បាន​ការ​ប្រាក់ តែ​មិន​ទទួល​បាន​ប្រាក់ ហើយ​កត្តា​ទាំង​អស់​នេះ​បាន​ជះឥទ្ធិពល​​ជា​អវិជ្ជមាន​ដល់​វិស័យ​ដីឡូត៍ ដែល​ធ្វើ​ឱ្យ​វិស័យ​ដីឡូត៍​នាពេល​បច្ចុប្បន្ន​ មានដីឡូត៍​លក់ តែមិន​មាន​អ្នកទិញ។

លោកឧកញ៉ា បានបន្ត​ថា សម្រាប់​លោក​​យល់​ឃើញ​ថា ចាប់ពី​ពេល​នេះ​តទៅ​ ដីឡូត៍​នឹង​មិន​សូវ​មាន​តម្រូវ​ការ​ទេ ប៉ុន្តែ​តំបន់​មួយ​ចំនួន​អាច​នៅ​មាន​តម្រូវ​ការ​ដដែល។ ឧទាហរណ៍​ បើសិន​ជា​មាន​តំបន់​សេដ្ឋកិច្ចពិសេសមួយ នៅ​តំបន់​ណាមួយ​ថ្មី ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​​ដែល​ទៅ​តំបន់​នោះ​ប្រាកដ​ជា​ត្រូវការ​ដីឡូត៍។ ដីឡូត៍​នៅ​តែ​មាន​តម្រូវការ​ខ្លះៗ​ ជាពិសេស​ដែល​ចាំបាច់​នៅ​ក្នុង​តំបន់​ណា​មួយ​តែម្តង។

ជាយោបល់​របស់​លោក​​ កម្ពុជា​នៅ​ពេល​នេះ​ គឺ​នឹង​មិនមាន​តម្រូវការ​ដីឡូត៍​តទៅ​ទៀត​ទេ។ នេះ​មិនមែន​ជាការ​វាយប្រហារ​ចំពោះ​អ្នកអភិវឌ្ឍ​ដីឡូត៍​នោះ​ទេ ប៉ុន្តែ​​លោក​សូម​ប្រៀបធៀប​ថា​ ដូចបងប្អូន​ប្រជាពលរដ្ឋ​យើង​ពីមុន​ធ្លាប់​ប្រើ​ទូរស័ព្ទ​ដៃ​ Nokia N ចុចពិល ប៉ុន្តែ​បងប្អូន​ពេល​នេះ​ប្រើ​ iPhone, Samsung ឬ​បច្ចេកវិទ្យាទំនើបៗ​អស់​ហើយ។ លោក​ចង់​បញ្ជាក់​ថា ប្រជាពលរដ្ឋ​យើង​ មាន​តម្រូវការ​លំនៅឋាន​​ជា​ផ្ទះ​វិញ​តែ​ម្តង មានន័យ​ថា​យើង​លែង​ត្រូវការ​ដីឡូត៍​ច្រើន​ដូច​មុន​ទៀត​ហើយ ព្រោះ​​ថា​បើ​គាត់​ទិញដី គឺ​អត់​មាន​ផ្ទះ​ដដែល ដូច្នេះ​ពួកគាត់​ត្រូវ​ការ​ផ្ទះ​តែ​ម្តង ឬ​លំនៅឋាន​សមរម្យ ដែល​ជា​តម្រូវការ​ពិត​ប្រាកដ។

លោកឧកញ៉ា សំ សុខនឿន បាន​ឱ្យ​ដឹង​ផង​ដែរ​ថា រាជរដ្ឋាភិបាល​​កម្ពុជា​ក៏​កំពុង​តែ​រៀបចំ​​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ​​ដើម្បី​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ ​​លក់​ជូន​​ដល់​ប្រជាពលរដ្ឋ​របស់​យើង។ ជារួម​ លោក​យល់​ថា វិស័យ​ដីឡូត៍​នឹង​មាន​ភាព​លំបាក​ជាង​មុន​ ប្រៀប​ធៀប​ទៅ​នឹង​ ៥ឆ្នាំមុន។ ចំពោះ​ផល​ចំណេញ​វិញ ​មក​ដល់​ពេល​នេះ​សម្រាប់​បងប្អូន​ដែល​បាន​ទិញដីឡូត៍​ហើយ មិនទាន់​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​នៅ​ឡើយ​ទេ ពីព្រោះ​តែ​ដីឡូត៍​ត្រូវការ​ពេលវេលា​ ដើម្បី​រីកចម្រើន។ អ្នកអភិវឌ្ឍ​ដីឡូត៍​​ គាត់​ទិញ​ដីឡូត៍​មួយ​ការ៉េ ៥ឬ៦​ដុល្លារ នៅពេល​ពុះលក់​ឡើង​ដល់​មួយ​ការ៉េ​ជិត ១០០ដុល្លារ ដូច្នេះ​សួរ​ថា​ តើ​ប្រជាពលរដ្ឋ​ទិញ​ហើយ​លក់​ភ្លាម​ចំណេញ​ដែរ​ទេ គឺ​ប្រាកដ​ណាស់​ មិន​ទាន់​អាច​ចំណេញ​ទេ ឬ​អាច​​ត្រូវការ​ពេលវេលា​​​​យូរណាស់ ​ទើប​ទទួល​បាន​ផល​ចំណេញ៕ ​​