ទូតកម្ពុជាប្រចាំប្រទេសថៃ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចនិងការវិនិយោគជាមួយសមាគមឧកញ៉ាកម្ពុជា

ជុំវិញ​ឧកញ៉ា

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានប្តេជ្ញាថា នឹងខិតខំឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ក្នុងការគាំទ្រ និងជួយជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចនិងការវិនិយោគជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃបន្ថែមទៀត។ នេះបើតាមជំនួបពិភាក្សាធុរកិច្ចរវាងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា កាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបឯកអគ្គរាជទូតអំពីសាវតាសមាគមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ជាពិសេសតួនាទីស្នូលស្រប់តាមព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា។ អ្នកឧកញ៉ា ក៏បានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងភាពជាដៃគូមួយដ៏មានសក្តានុពលក្នុងការជំរុញសកម្មភាពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ហ៊ុន សារឿន បានកោតសរសើរពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងនានាជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលសមាគមសម្រេចបានក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងគោរមវន្តទាំងអស់នៅកម្ពុជាដែលមានចែងនៅក្នុងព្រះរាជក្រឹត្យខាងលើ។ ទន្ទឹមនឹងនេះ លោកបញ្ជាកទៀតថា ស្ថានទូតនឹងខិតខំឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាជូនបណ្តាធុរជនថៃ និងស្ថានទូតនៃប្រទេសជាមិត្តជាពិសេសការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ, វេទិកាធុរកិច្ច, ការផ្គូផ្គងអាជីវកម្ម និងកិច្ចសន្ទនាអាជីវកម្មនានា។

បន្ថែមពីនេះ លោកថា ស្ថានទូតក៏នឹងខិតខំជួយជ្រោមជ្រែងដល់ការផ្គូផ្គងរវាងពាណិជ្ជករកម្ពុជាជាមួយដៃគូបរទេស និងថៃដែលសុទ្ធសឹងតែជាពាណិជ្ជករមានសក្តានុពលដើម្បីជាគុណប្រយោជន៍សម្រាប់វិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសគម្រោងក្នុងការអញ្ជើញធុរជនថៃទៅទស្សនកិច្ច និងស្វែងរឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុនាពេលសមស្របណាមួយ។

លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ទៀតថា តាមរយៈសមាគមឧកញ៉ាកម្ពុជា គឺជាច្រកមួយក្នុងការកៀរគរវិនិយោគិនពីកម្ពុជាមកវិនិយោគនៅថៃផងដែរនាពេលខាងមុខតាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយសម្របសម្រួលដោយស្ថានទូតយើង ក្នុងភាពជាដៃគូផ្នែកឯកជនមួយដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ និងការបង្កើតការងារជាដើម។

គួរបញ្ជាក់ដែរថា កិច្ចពិភាក្សាខាងលើនេះ គឺធ្វើឡើងក្នុងបំណងបើកឱកាសឱ្យសមាជិកសមាគមទាំងអស់អាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនបន្ថែមទៀតក្នុងវិស័យសក្តានុពលរបស់កម្ពុជាតាមរយៈការភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូជាមួយវិនិយោគិនថៃ និងវិនិយោគិនផ្សេងៗដែលបាននិងកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសថៃនេះផ្ទាល់តែម្តងតាមរយៈការជួយសម្របសម្រួល និងសហការរៀបចំដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

យ៉ាងណាមិន ក្រោយបញ្ចប់កិច្ចពិភាក្សា ស្ថាប័នទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពបន្ថែមទៀតដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឱ្យមានយន្តការទំនាក់ទំនងដ៏មានប្រសិទ្ធភាពមួយរវាងស្ថាប័នទាំងពីរនាពេលសមស្រមណាមួយ៕អត្ថបទ៖ រង្សី