ពាក្យថា «ថៅកែ» មិនងាយស្រួលដូចអ្នកគិតនោះទេ ព្រោះថា ថៅកែត្រូវបំពេញការងារ និងគិតពីការងារ២៤ម៉ោងពេញ គ្មានពេលសម្រាក គ្មានម៉ោងចូលធ្វើការហើយក៏គ្មានម៉ោងចេញពីធ្វើការដូចគេដែរ។ សូមកុំព្យាយាមគិតថា ថៅកែស្រួលគ្រប់ពេល។ នេះជាការយល់ឃើញរបស់ ឧកញ៉ា ចាន់ ស៊ីថា នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង បានលើកឡើងថា ពាក្យថា ថៅកែ មិនងាយស្រួល ដូចគិតនោះទេ។ ចំពោះថៅកែ បើនិយាយរឿងប្រាក់ខែគឺមានមិនទៀតទាត់ដូចបុគ្គលិកនោះទេ ជួនបាន ជួនអត់ ហើយមានពេលខ្លះត្រូវខ្ចីលុយគេបន្ថែមទៀត ព្រោះដល់ខែមិនថាខាត ឬចំណេញ ត្រូវបើកប្រាក់ខែឱ្យបុគ្គលិកមុនគេបង្អស់ ត្រូវចំណាយថ្លៃទិញអីវ៉ាន់ស្តុក សងម្ចាស់អីវ៉ាន់ដែលនៅជំពាក់ បន្ទាប់មកបង់ថ្លៃជួល ថ្លៃទឹក ថ្លៃភ្លើង និងពន្ធអាករនានា នេះមិនទាន់គិតប្រាក់លើកទឹកចិត្ត និងឧបត្ថម្ភនានាដែលបុគ្គលិកស្នើសុំផង។
លោកឧកញ៉ាបន្ថែមថា សម្រាប់ម៉ោងការងាររបស់ថៅកែក៏មិនមានទៀតទាត់ដូចបុគ្គលិកនោះដែរ គ្មានម៉ោងចូល ច្បាស់លាស់ ហើយក៏គ្មានម៉ោងចេញច្បាស់លាស់នោះដែរ។ ធ្វើជាបុគ្គលិកអាចទម្លាក់ការងារ ចោលទាំងអស់បាន នៅពេលដែលផុតម៉ោងការងារ ប៉ុន្ដែសម្រាប់ថៅកែគឺការងារគ្រប់យ៉ាងនៅក្នុងខួរក្បាលថៅកែ ២៤ម៉ោង។

លោកឧកញ៉ា ចាន់ ស៊ីថា ផ្ដាំទៅបុគ្គលិកទាំងអស់ថា សូមកុំព្យាយាមគិតថា ថៅកែស្រួលគ្រប់ពេល បានលុយច្រើនគ្រប់ពេល ត្រូវចាំថាដើមឈើខ្ពស់ត្រូវខ្យល់ខ្លាំង ទូកធំក្តោងធំ ពេលលំបាក វិបត្តិសេដ្ឋកិច្ច ថៅកែប្រមូលលក់ទ្រព្យសម្បត្តិខ្ទិចខ្ទីអស់ ខ្ចីបុលគេថែមដើម្បីឈរជើង និងបន្តប្រាក់ខែឱ្យអ្នក។
ទន្ទឹមនឹងនេះ បុគ្គលិកទាំងអស់ មិនចាំបាច់ដឹងគុណថៅកែក៏បាន គ្រាន់តែចងចាំថា ទោះអ្នកមានឋាន:អ្វី តួនាទីអ្វី សូមគោរពតួនាទី កាតព្វកិច្ចអ្នកឱ្យបានល្អបំផុត។ ព្យាយាមអភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ កុំដេកចាំដល់ម៉ោង ដល់ខែ។ ពេលវេលានឹងកន្លងហួស អ្វីដែលបន្សល់ទុកគឺ ស្តាយក្រោយមិនបានប្រើប្រាស់ពេលវេលាឱ្យបានល្អ មិនបានបំពេញតួនាទីឱ្យបានល្អ។
សូមជម្រាបជូនថា ឧកញ៉ា ចាន់ ស៊ីថា គឺជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង ដែលសិប្បកម្មផលិតទឹកត្រី របស់លោកឧកញ៉ា បានឈរជើងយ៉ាងរឹងមាំនៅកម្ពុជាជិត ៣០ឆ្នាំមកហើយ ដោយផ្អែកទៅលើគុណភាពធម្មជាតិ ពិត ១០០ភាគរយ បានបន្សល់ទុករូបមន្ដពីដូនតារាប់រយឆ្នាំ៕