ធនាគារ ហត្ថា របស់ឧកញ៉ា ហួត អៀងតុង កាលពីថ្ងៃទី១៦ ខែកុម្ភៈ បានចូលរួមឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន ៤០ លានរៀល ដល់អង្គការមូលនិធិរក្សាកុមារ ដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានលើកឡើងក្នុងពិធីដែលរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ថា ការឧបត្ថម្ភកម្មវិធីនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់សុខុមាល និងការអប់រំដល់កុមារ ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយដ៏មានសក្តានុពល។ ធនាគារ យល់ច្បាស់អំពីសារៈសំខាន់នៃការផ្តល់ចំណេះដឹង និងជំនាញចាំបាច់ផ្សេងៗដល់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឱ្យបានត្រឹមត្រូវ។

នារាត្រីថ្ងៃដដែល ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ក៏បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺការប្រារព្ធអបអរខួប៣០ឆ្នាំនៃវឌ្ឍនភាព និងវិបុលភាព ជាមួយនឹងពិធីលៀងសាយភោជន៍ផងដែរ។ កម្មវិធីនេះ មានការចូលរួមតំណាងពីធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងធនាគារក្រុងស្រ៊ី អតិថិជន ដៃគូយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សូមជម្រាបថា មូលនិធិរក្សាកុមារ ត្រូវបានបង្កើតឡើងដោយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សកម្មភាពសប្បុរសធម៌ និងមនុស្សធម៌នៅកម្ពុជា ជាពិសេសចូលរួមលើកកម្ពស់ការអប់រំរបស់កុមារកម្ពុជា៕
