សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះមេគណរាជធានី ខេត្ត និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម រួមជាមួយ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យផ្ការស្មីសាមគ្គីជាតិដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ខេត្តកំពត រយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នេះ។

ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ រយៈពេល៣ថ្ងៃ នោះ នឹងមានរបៀបវីរៈដូចតទៅ៖
ថ្ងៃទី១/ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៤
-ម៉ោង ២:៣០ រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ស្ថិតនៅតំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ
-ម៉ោង ៣:៣០ រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្ថិតនៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រតំបន់វាល ស្រែ៥០០ លើខ្នងភ្នំបូកគោ
-នៅពេលរាត្រី ក្រុមសិល្បៈល្ខោនបាសាក់អប្សរាសម្តែងជូនទស្សនាទល់ភ្លឺនៅមុខ សណ្ឋាគារ ឋានសួគ៌ សុខា (លើភ្នំបូកគោ)
ថ្ងៃទី២/ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤
-ម៉ោង ៧:០០ ព្រឹក ប្រគេនយាគូ និងចង្ហាន់ពេលព្រឹកដល់ព្រះសង្ឃ នៅសណ្ឋាគារ ឋានសួគ៌ សុខា (លើភ្នំបូកគោ)
-ម៉ោង ១១:០០ ព្រឹក វេរភត្តាហារ ប្រគេន ព្រះសង្ឃ នៅសណ្ឋាគារ ឋានសួគ៌ សុខា (លើភ្នំបូកគោ )
-ម៉ោង ៣:៣០ រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បន្ទាប់មកសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា សម្តែងធម្មទេសនា នៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ។ ពិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង។
-នៅពេលរាត្រី ក្រុមសិល្បៈល្ខោនបាសាក់អប្សរាសម្តែងជូនទស្សនាទល់ភ្លឺនៅមុខសណ្ឋាគារ ឋានសួគ៌ សុខា (លើភ្នំបូកគោ)
ថ្ងៃទី៣/ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤
-ម៉ោង ៧:០០ ព្រឹក ប្រគេនយាគូ និងចង្ហាន់ពេលព្រឹកដល់ព្រះសង្ឃ នៅសណ្ឋាគារ ឋានសួគ៌ សុខា (លើភ្នំបូកគោ)
-ម៉ោង ៨:០០ ព្រឹក ពិធីរាប់បាត្រ ព្រះសង្ឃ ១,០០០ អង្គ ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្ស អំ លីមហេង អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ស្ថិតនៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ តំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ។

អាស្រ័យហេតុនេះ សូមយាង និមន្ត និងគោរពអញ្ជើញ ព្រះតេជគុណគ្រប់ព្រះអង្គ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជិតឆ្ងាយ មេត្តាចូលរួមដោយក្ដីសោមនស្សរីករាយ និងជួយឧបត្ថមគាំទ្រ ចាប់មគ្គផល និងអនុមោទនាទទួលយកផល្លានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
សូមជម្រាបជូនថា ក្រៅពីចូលរួមភ្ជាប់និស្ស័យកសាងព្រះពុទ្ធអង្គធំនេះដោយសទ្ធាជ្រះថ្លា ពុទ្ធបរិស័ទទាំងអស់ ក៏អាចជាវព្រះអង្គតូចៗ ហើយអាចចារឹកឈ្មោះផ្ទាល់ខ្លួន , ឈ្មោះអ្នកមានគុណ ,លោកតាលោកយាយ, កូន ,ក្មួយ ។ល។ ដើម្បីដំកល់ទុកនៅក្នុងខឿនក្រោមព្រះអង្គធំ ទុកជាប្រវត្តិសាស្រ្តយូរអង្វែងតគ្រប់ជំនាន់ដល់កូនចៅជំនាន់ក្រោយបានគោរពជាទីសក្ការ:។
គួរបញ្ជាក់ថា ការផ្ដួចផ្ដើមកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃ និងធំជាងគេនៅអាសុីអាគ្នេហ៍ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ មានចក្ខុវិស័យចង់រក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៍សាសនា ត្បិតព្រះពុទ្ធប្បដិមាដ៏ធំ និងខ្ពស់ជាងគេនេះ នឹងគង់នៅជាសម្បត្តិវប្បធម៍សាសនាជាតិ តជំនាន់សម្រាប់ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា ជារហូតតរៀងទៅ ។











ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនិងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះអាចចូលរួមបានផងដែរ។
ទំនាក់ទំនង : 014 7777 108 , 014 777 108 , 015 777 108
ឬតាមរយៈទូរស័ព្ទទទួលបច័្ចយ៖ 085 430 999 | 097 430 9999 ៕