អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន២០រូប ចូលរួមវេទិកា«ទំព័រថ្មីនៃលាកានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា» នៅទីក្រុងបាងកក ប្រទេសថៃ។
វេទិកា«ទំព័រថ្មីនៃលាកានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា» ត្រូវបានរៀបចំដោយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដែលធ្វើបទបង្ហាញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ ជូនដល់អង្គទូតបរទេស តំណាងស្ថានពាណិជ្ជកម្ម និងពាណិជ្ជករពីច្រើនវិស័យ ប្រមាណជាង២០០នាក់ ក្នុងនោះសមាគមឧកញ៉ាកម្ពុជាក៏មានការចូលរួមដោយបញ្ជូនសមាជិករបស់ខ្លួនចំនួន ២០រូប។
ក្នុងឱកាសនៃវេទិកានោះ សមាគមឧកញ៉ាកម្ពុជា មានឱកាសក្នុងការបង្ហាញនូវសមិទ្ធផល និងសក្តានុពលរបស់ខ្លួនជូនដល់អង្គវេទិកាផងដែរ តាមរយៈវីដេអូ និងសៀវភៅឧកញ៉ា របស់ខ្លួន ដែលនេះគឺជាឱកាសដ៏ពិសេសក្នុងការផ្សព្វផ្សាយពីសមាគម និងសមាជិកសមាគមដល់ដៃវិនិយោគិនពីគ្រប់ទិសទីដោយផ្ទាល់និងចំពោះ។ នេះបើតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រាប់សារព័ត៌មានឧកញ៉ាញូស៍។
អ្នកឧកញ៉ាបានថ្លែងថា «វេទិកានេះ នឹងបើកឱកាសឱ្យសមាជិកសមាគមទាំងអស់អាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម ការកសាងបណ្តាញក្រៅប្រទេស និងការកៀរគរវិនិយោគិនទៅវិនិយោគនៅកម្ពុជាតាមវិស័យរបស់ខ្លួន ជាពិសេសការបង្កើត ឱ្យមានកិច្ចសហប្រតិបត្តិការធុរកិច្ច និងកិច្ចសន្ទនាអាជីវកម្មនានាដែលជាផ្នែកមួយនៃការជួយជ្រោមជ្រែងដល់ការផ្គូផ្គងពាណិជ្ជកម្ម រវាងកម្ពុជា និងដៃគូបរទេស ដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្មអន្តរជាតិរវាងពាណិជ្ជករដែលបានចូលរួមវេទិកា»។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានបង្ហាញនូវលទ្ធផលបណ្តាឯកអគ្គរាជទូត-រដ្ឋទូត និងធុរជនជាច្រើន បានមកទំនាក់ទំនងជាមួយនឹងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្រោយពីបានទស្សនានូវវីដេអូអំពីសមាគមឧកញ៉ាកម្ពុជា និងសៀវភៅឧកញ៉ារួចមក ដោយមើលឃើញថា សមាគមឧកញ៉ាកម្ពុជាគឺជាច្រកមួយដ៏សំខាន់ក្នុងការស្វែងរកឱកាសពង្រីកអាជីវកម្ម ពីព្រោះសមាគមគឺជាបណ្តុំវិនិយោគិនដ៏ធំ និងពិពិធកម្មវិស័យសក្តានុពលនានានៅកម្ពុជា ព្រមទាំងជាដៃគូដែលតំណាងឱ្យវិស័យដ៏លេចធ្លោមួយមួយរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាណិជ្ជកម្មអន្តរជាតិនានាផហដែរ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចការសម្របសម្រួលក្នុងភាពជាដៃគូរវាងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេស៕