ក្រុមហ៊ុន ស្រលាញ់នាក់ ( SRALANH NEAK) បានសម្ពោធបើកដំណើរការជាផ្លូវការនូវរថយន្តដឹកជញ្ជួនរបស់ខ្លួននៅការិយាល័យទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏, អ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស, ថ្នាក់ដឹកនាំក្រុមហ៊ុន«ស្រលាញ់អ្នក» ក្រុមវិនិយាគិនខ្មែរ-ថៃ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

លោក ហង្ស បឿន នាយកទីផ្សារក្រុមហ៊ុន ស្រលាញ់នាក់ បានលើកឡើងថា ក្រុមហ៊ុន «ស្រលាញ់អ្នក ខូអិលធីឌី» បានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មនៃប្រទេសថៃ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដែលមានទីតាំងនៅទីក្រុងបាងកក តំបន់ប្រាទូណាម ផេតបុរីផ្លូវ ១៥។ ក្រុមហ៊ុនក៏បានចុះបញ្ជីផ្លូវការនៅក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ផងដែរ។
លោកថ្លែងថា៖ «ក្រុមហ៊ុនមានបេសកម្មផ្តោតទៅលើសេវាកម្មដឹកជញ្ជូនទំនិញសំបូរបែបពីប្រទេសថៃ ទៅកាន់ប្រទេសកម្ពុជា និងពីប្រទេសកម្ពុជា មកកាន់ប្រទេសថៃ ប្រកបដោយទំ នុកចិត្ត គុណភាព និងសេវាកម្មរហ័ស ដើម្បីដឹកជញ្ជូននិងចែកចាយទំនិញដល់អតិថិជននៅទូទាំងរាជធានីខេត្ត»។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស ក៏បានមានប្រសាសន៍បង្ហាញនូវជំនឿចិត្ត ថាក្រុមហ៊ុននឹងមានការរីកចម្រើន ហើយនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូននៅប្រទេសថៃដែលមានបំណងក្នុងការដឹកជញ្ជូនទំនិញទៅមកកម្ពុជា-ថៃ ជាមួយនឹងតម្លៃសមរម្យ និងគុណភាពដែលគិតគូរដល់ការស្រលាញ់ទ្រព្យសម្បត្តិឬទំនិញរបស់អតិថិជនដាក់បញ្ជើផ្ញើតាមរថយន្តរបស់ក្រុមហ៊ុន«ស្រលាញ់អ្នក»។

បន្ទាប់ពីកាន់កន្ត្រៃកាត់ខ្សែបូរបើកដំណើរការក្រុមហ៊ុនដឹកជញ្ជូន «ស្រលាញ់អ្នក» ក្នុងឱកាសថ្លែងសន្ទរកឋា ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានប្រកាសអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការបើកដំណើរការជាផ្លូវការក្រុមហ៊ុន «ស្រលាញ់អ្នក» នៅពេលនេះដែលជាកិច្ចសហការវិនិយោគរវាងវិនិយោគិនខ្មែរ និងថៃ ដើម្បីជំរុញវិស័យដឹកជញ្ជូននៃប្រទេសទាំងពីរ ស្របតាមរយៈការប្រកាសដំទ្បើងកម្រិតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។
ឯកឧត្តមថ្លែងថា៖ ឈ្មោះក្រុមហ៊ុន «ស្រលាញ់អ្នក» គួរឲ្យចាប់អារម្មណ៍និងបានបង្កបអត្ថន័យជ្រាលជ្រៅបង្ហាញពីសេវាកម្មរបស់ក្រុមហ៊ុនផ្តល់ជូនអតិថិជនដែលបានមកទទួលសេវាកម្ម។ ក្នុងន័យនេះតាមរយៈការបើកដំណើរការឯកឧត្តមបានបង្ហាញនូវការជឿជាក់ថា ក្រុមហ៊ុនឹងទទួលបានជោគជ័យគួរជាទីពេញចិត្តនិងជាទីមោកទភាពសម្រាប់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏ដូចជាសម្រាប់ប្រទេសទាំងពីរដែលកើតឡើងពីការវិនិយោគរួមគ្នារវាងវិនិយោគិនខ្មែរនិងថៃ។

ឯកឧត្តមបន្ថែមការ ការបើកក្រុមហ៊ុនដឹកជញ្ជូន «ស្រលាញ់អ្នក » គឺចំកាលៈទេសៈល្អណាស់នៅពេលដែលទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងល្អប្រសើរជាងពេលណាៗទាំងអស់ ពិសេសនោះចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលប្រទេសទាំងពីរនៅក្នុងការលើកស្ទួយវិស័យដឹកជញ្ជួន និងទេសចរណ៍រវាងប្រទេសទាំងពីរ រវាងប្រជាជននិងប្រជាជនឲ្យកាន់ជិតស្និទតាមរយៈមធ្យោបាយដឹកជញ្ជូនរបស់ក្រុមហ៊ុន។
លើសពីនេះទៅទៀត ឯកឧត្តមគូសបញ្ជាក់ថា វិស័យដឹកជញ្ជូនទំនិញមួយនេះក៏ចូលរួមចំណែកយ៉ាងធំធេងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរដែលបានដាក់ចេញនូវទិសដៅរួមគ្នា ធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា-ថៃកើនឡើងដល់ ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ខាងមុខ៕


























