ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងទូទៅ គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុី (LBP Microfinance Plc.) គឺជាបញ្ញវន្តវ័យក្មេងមួយរូប ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ London School of Economics and Political Science នៅប្រទេសអង់គ្លេស។
តាមរបាយការណ៍ប្រចាំឆ្នាំរបស់គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ បានឱ្យដឹងថា ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងទូទៅ ហើយក៏ជាតំណាងរបស់ប្រធានក្រុមប្រឹក្សាភិបាលនៅ អិល ប៊ី ភី។ បន្ថែមពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនឆ្នាំ លើការងារគ្រប់គ្រងទូទៅផងដែរ។
លោកឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ ក៏ជាថ្នាក់ដឹកនាំ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ និងជាសមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា។ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/១៦៤។
សូមជម្រាបថា គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុី ត្រូវបានបង្កើតឡើងដោយភាគទុនិកខ្មែរ ១០០% និងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ គ្រឹះស្ថាននេះ មាន អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា ជាប្រធានក្រុមប្រឹក្សាភិបាល និងជាភាគទុនិក, លោកស្រីឧកញ៉ា ឡាយ ឈុននី ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាភាគទុនិក, ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងទូទៅ, លោកស្រីឧកញ៉ា ឡាយ ម៉ូនីកា និងលោកស្រីឧកញ៉ា ឡាយ ឌីណា ជាសមាជិកក្រុមប្រឹក្សាភិបាល, លោក ប៊ូ រស់ ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងលោក មួង សម្បត្តិ សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ៕