លោក ខេមរៈ ភារុណ បងប្រុសបង្កើត ឧកញ៉ា ខេមរៈ សិរីមន្ត ទទួលបានសញ្ញាបត្រអនុបណ្ឌិត

ជុំវិញ​ឧកញ៉ា

លោក ខេមរៈ ភារុណ បងប្រុសបង្កើតរបស់​ឧកញ៉ា ខេមរៈ សិរីមន្ត និងជាអ្នកនិពន្ធចម្រៀងដ៏ល្បី​មួយ​រូប​នៅ​កម្ពុជា​ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ជំនាញរដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង​ ជាផ្លូវការ កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមទំព័រ​ហ្វេកប៊ុក​ផ្លូវការរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ខេមរៈ សិរីមន្ត បានសរសេរយ៉ាងខ្លីប្រកបដោយអត្ថន័យក្នុងបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា៖ «ប្អូនដឹងថាបង​ហត់ណាស់ បងខំរៀនបណ្តើរហើយនៅខំឆ្លៀតពេលទំនេរនិពន្ធចម្រៀងឱ្យ​ប្អូនបណ្តើរ ទើបប្អូនបានល្បីល្បាញ ២០ឆ្នាំមក​នេះ»។ លោកឧកញ៉ា បានបន្តថា «ពេលខ្លះបងទៅរៀននៅក្រៅប្រទេស ហើយនៅឈ្លៀតនិពន្ធផ្ញើចម្រៀង​តាមតេឡេក្រាម​មកឱ្យ​ប្អូនទៀតព្រោះស្រលាញ់ប្អូន។ អរគុណ បងប្រុសដ៏ល្អរបស់ប្អូន»។

លោក ខេមរៈ ភារុណ ក៏បាន​បង្ហោះសារ​ដ៏​មាន​អត្ថន័យ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ ដោយ​លោក​បាន​លើកឡើង​ថា ពេលវេលាដ៏យូរ លោក​បានកំណត់ថា​ នៅពេលលោក​អាយុជាងសែទើបលោក​រៀនបន្តយកអនុបណ្ឌិត ឬបណ្ឌិត​ អរគុណ​ពេលវេលាដែលឱ្យលោក​មានថ្ងៃនេះ​ អរគុណសន្តិភាព។ លោក​​ក៏​សូម​អរគុណប្រពន្ធ​សម្លាញ់​របស់​លោក ដែលបានលះបង់​ពេលវេលាគ្រប់យ៉ាង ទើប​លោក​​បានសម្រេចការសិក្សា​ដោយ​ជោគជ័យ ទទួល​សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់​​មួយ​នេះ។

គួរបញ្ជាក់ថា លោក ខេមរៈ ភារុណ បាន​ទទួល​សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ​​​ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតជ័យ​លាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួនជាង​ ៥ពាន់អង្គ/នាក់ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​សាកល​វិទ្យាល័យជាតិគ្រប់គ្រង-សាខាវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់​របស់សម្ដេច​មហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៕