សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមសម្រាប់អនាគតសមាគមសិល្បករខ្មែរ បន្ទាប់ពីម្ចាស់ផលិតកម្ម Galaxy Navatra ប្រកាសឈរឈ្មោះបេក្ខភាពប្រធានសមាគម

ជុំវិញ​ឧកញ៉ា

ប៉ុន្មានម៉ោងបន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្មដ៏ធំឈានមុខគេនៅប្រទេសកម្ពុជា បង្ហាញឆន្ទៈក្នុងការចូលរួមជាបេក្ខភាពបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមសិល្បករខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើបណ្តាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី២០ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករ សិល្បការិនីដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផង ខ្ញុំគិតថា បញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគមនៅតែជាបញ្ហាប្រឈមធំ។ ដូចនេះប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ជាប្រធានសមាគមយើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង»។

សម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តេចមិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេ តែដោយសារត្រូវការសិល្បៈដែលមានការសាមគ្គីភាពនិងរីកចម្រើនទៅមុខទើបសម្តេចផ្តល់ការគាំទ្របែបនេះ។

ថ្មីៗនេះ ភរិយាឧកញ៉ា ហេង ឡុង គឺលោកស្រី ចន ច័ន្ទលក្ខណា ដែលជាប្រធានសមាគមសិល្បករខ្មែរបច្ចុប្បន្នបានប្រកាសដំណឹងអំពីការបោះឆ្នោតជ្រើសរើសប្រធាន ដោយយោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរមានអាណត្តិ ៥ឆ្នាំម្តង។ 

សូមជម្រាបជូនថា លោកស្រី ចន ច័ន្ទលក្ខណា បានដឹកនាំសមាគមសិល្បករខ្មែរអស់រយៈពេល ៦ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បន្តពីលោក សុះ ម៉ាច។ ការដឹកនាំសមាគមលើសមួយឆ្នាំរបស់លោកស្រី ត្រូវបានលោកស្រីបញ្ជាក់ថា ដោយសារស្ថានភាពវិបត្តិកូវីដ១៩ និងការបោះឆ្នោះជាតិផងនោះទើបពន្យាពេលមកដល់ឆ្នាំ២០២៤នេះ៕