លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បករខ្មែរ។ នេះបើតាមព័ត៌មានដែលឧកញ៉ាញូស៍ទទួលបាន។

លោកស្រីអ្នកឧកញ៉ាគឺជាអតីតសិល្បៈដ៏ឆ្នើមមួយរូបក្នុងចំណោមសិល្បករល្បីៗនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីមានទំនាក់ទំនងស្នេហ៍ជាមួយម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោកស្រីបានរលាស់ខ្លួនចាកចេញពិភពសិល្បៈជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នលោកស្រីជានាយិការងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
ថ្មីៗនេះ ភរិយាឧកញ៉ា ហេង ឡុង គឺលោកស្រី ចន ច័ន្ទលក្ខណា ដែលជាប្រធានសមាគមសិល្បករខ្មែរបច្ចុប្បន្នបានប្រកាសដំណឹងអំពីការបោះឆ្នោតជ្រើសរើសប្រធាន ដោយយោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរមានអាណត្តិ ៥ឆ្នាំម្តង។
លោកស្រី ចន ច័ន្ទលក្ខណា បានដឹកនាំសមាគមសិល្បករខ្មែរអស់រយៈពេល ៦ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បន្តពីលោក សុះ ម៉ាច។ ការដឹកនាំសមាគមលើសមួយឆ្នាំរបស់លោកស្រី ត្រូវបានលោកស្រីបញ្ជាក់ថា ដោយសារស្ថានភាពវិបត្តិកូវីដ១៩ និងការបោះឆ្នោះជាតិផងនោះទើបពន្យាពេលមកដល់ឆ្នាំ២០២៤នេះ៕

