សម្តេចតេជោ ហ៊ុន សែន រំពឹងខ្ពស់ថា បើអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធាន «សមាគមសិល្បករខ្មែរ» នឹងមិនលំបាកផ្នែកថវិកានោះទេ

ជុំវិញ​ឧកញ៉ា


លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បករខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញដំណឹងនៃការចូលរួមជាបេក្ខភាពបោះឆ្នោតប្រធានសមាគមសិល្បករខ្មែរ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រកាសគាំទ្របេក្ខភាពលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ហើយសម្តេចបានដាក់ក្តីរំពឹងទុកថា សមាគមនេះនឹងមិនមានការលំបាកផ្នែកថវិកានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះ
បេក្ខភាពលោកជំទាវម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»។

លោកស្រីអ្នកឧកញ៉ាគឺជាអតីតសិល្បៈមួយរូបក្នុងចំណោមសិល្បករល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនកាលពី ១០ឆ្នាំជាងមុន។ តែទោះជាយ៉ាងណា លោកស្រីបានរលាស់ខ្លួនចេញពីពិភពសិល្បៈជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នលោកស្រីជានាយិការងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

ការប្រកាសឈរឈ្មោជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ លោកស្រី ចន ច័ន្ទលក្ខណា ដែលជាប្រធានសមាគមសិល្បករខ្មែរបច្ចុប្បន្នប្រកាសដំណឹងអំពីការបោះឆ្នោតជ្រើសរើសប្រធាន ដោយយោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរមានអាណត្តិ ៥ឆ្នាំម្តង។

លោកស្រី ចន ច័ន្ទលក្ខណា បានដឹកនាំសមាគមសិល្បករខ្មែរអស់រយៈពេល ៦ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បន្តពីលោក សុះ ម៉ាច៕