លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម និងជាប្រធានមូលនិធិគីណាល់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានយកអំណោយសប្បុរសធម៌ជាថ្នាំពេទ្យផលិតផលខ្មែរចំនួន ៥,៤៣០ ប្រអប់/ដប/ទីប ជូនដល់ក្រសួងព័ត៌មាន សម្រាប់ចែកជូនមន្ត្រីក្រសួងព័ត៌មាន និងប្រជាពលរដ្ឋក្រីក្រ នៅតាមទីជនបទដាច់ស្រយាល។

នេះបើតាមទំព័រហ្វេកប៊ុករបស់មូលនិធិគីណាល់ បានឱ្យដឹងថា ពិធីប្រគល់អំណោយជាថ្នាំពេទ្យនេះ គឺធ្វើឡើងក្នុងឱកាសដែលលោកឧកញ៉ា ហៃ លីអ៊ាង អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ទាល់ នៅទីស្តីការក្រសួងព័ត៌មាន។

ប្រភពដដែល បានបញ្ជាក់ថា អំណោយដែលបានប្រគល់ជូននេះ ជាផលិតផលខ្មែរ ១០០% ផលិតដោយសហគ្រាសផលិតឱសថប៉េប៉េអឹម មានដូចជា ថ្នាំក្អក Carbotoux 5% sans sucre, ថ្នាំលាបបំបាត់មុន Sanoxyl, វីតាមីនចម្រុះ Polivit, ថ្នាំបំបាត់ការឈឺចាប់ Kinal Ibu, ថ្នាំជួយបង្កើនចំណង់អាហារ Appetine និងឱសថប្រចាំគ្រួសារ Kinal Medication Familly។
ក្នុងឱកាសទទួលអំណោយនេះផងដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា អំណោយទាំងនេះ នឹងត្រូវចែកជូនមន្ត្រីនៃក្រសួងពត៌មាន និងមួយចំណែកទៀត នឹងចែកជូន ដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ។



គួរបញ្ជាក់ថា លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ជាម្ចាស់សហគ្រាសផលិតឱសថដ៏ធំ ដែលបាននាំចេញឱសថកម្ពុជាជាង ២០០មុខ ទៅកាន់ ១៥ប្រទេស។ បច្ចុប្បន្នលោកឧកញ៉ា កំពុងផលិតឱសថចេញពីរុក្ខជាតិជាច្រើនមុខទៀត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕