លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូលយ៉ាល់ គ្រុប។

តំបន់សេដ្ឋកិច្ចពិសេសទាំងនោះរួមមានតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ការចុះពិនិត្យវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការថែទាំវិស័យឯកជន ព្រមទាំងស្វែងយល់អំពីបញ្ហាប្រឈម និងតម្រូវការនានារបស់វិនិយោគិន ដែលជាកម្លាំងចលករសំខាន់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
រោងចក្រនៃបណ្តាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ខាងដែលលោក ស៊ុន ចាន់ថុល ចុះពិនិត្យមើលសកម្មភាពផលិតកម្មរួមមាន៖ ១. ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគផលិតសម្ភារៈអេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ២០,៦៣លានដុល្លារអាមេរិក បានបង្កើតការងារចំនួន ៨០៣កន្លែង។ ២. ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ៨,១៥លានដុល្លារអាមេរិក បានបង្កើតការងារចំនួន ២៣៩កន្លែង។

និងទី ៣. ក្រុមហ៊ុន HGB Motors Assembly Co., Ltd. របស់ឧកញ៉ា ង៉ូវ លាងហួត ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិយោគ ៧លានដុល្លារអាមេរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។
សូមជម្រាបថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង៕


