ថ្មីៗនេះ ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM បានជូនលោកឪពុកវ័យ៧៧ឆ្នាំទៅរកសេវាពិគ្រោះយោបល់ពិនិត្យសុខភាពនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយលាន់មាត់ថា មន្ទីរពេទ្យជាតិតេជោសន្តិភាពពិតជាអស្ចារ្យ ចំណែកឯពេទ្យមានក្រមសីលធម៌ សេវាកម្មល្អ តម្លៃល្អ និងអគារស្អាតជាដើម។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី២៣ខែកម្ភៈថ្មីៗនេះ ឧកញ៉ា ម៉េន កានី បង្ហោះភាពរូបភាពជាច្រើនសន្លឹកនៅក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព អមដោយខ្លឹមសារសរសេរកោតសរសើរលើការផ្តល់សេវាកម្ម តម្លៃ និងគ្រូពេទ្យមានក្រមសីលធម៌ល្អ។
លោកឧកញ៉ាបានសរសេរយ៉ាងដូច្នេះថា៖ «ពេលមកផ្ទាល់ទើបដឹងថា មន្ទីពេទ្យជាតិ តេជោសន្តិភាព ពិតអស្ចារ្យ ពេទ្យមានក្រមសីលធម៌ល្អ សេវាកម្មល្អមានស្នាមញញឹម រាក់ទាក់រួសរាយ អគារស្អាត សូម្បីតែបន្ទប់ទឹកស្អាតខ្លាំង ហើយតំលៃវិញល្អ (ព្រោះខ្ញុំអត់ប័ណ្ណ បសស) ហើយខ្ញុំចង់ប្រាប់ដល់ពុកម៉ែបងប្អូនដែលមិនមានលទ្ធភាព រឺមិនដឹងថាត្រូវទៅពេទ្យណា ហើយបងប្អូនមានប័ណ្ណ បសសទៀតនោះ សូមបងប្អូនមកពេទ្យតេជោសន្តិភាពទៅ ពិតជាល្អខ្លាំង»។
បើតាមវិក្កយបត្របង់ប្រាក់ដែលឧកញ៉ា ម៉េន កានី បង្ហាញឪពុករបស់លោកទទួលបានសេវាពិគ្រោះយោបល់ជំងឺជាមួយគ្រូពេទ្យជំនាញ ចំនួនម្តង និងថ្នាំពេទ្យប្រភេទ Paracetamol 500mg. Multivitamine ចំនួន១ សរុបតម្លៃដែលត្រូវបង់គឺ ៤០ដុល្លារអាមេរិក។

សូមជម្រាបថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ទើបម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់, អគារព្យាបាលកម្រិតធ្ងន់, អគារព្យាបាលកម្រិតស្រាល, អគារបច្ចេកទេស, អគារផ្គត់ផ្គង់ និងព័ត៌មាន, អគារស្នាក់នៅសម្រាប់បុគ្គលិក និងមានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ។ អគារមន្ទីរពេទ្យជាតិតេជោសន្តិភាពក៏អាចធ្វើការចុះចតឧទ្ធម្ភាចក្របានផងដែរ៕










