ឧកញ៉ា ង៉ូវ លាងហួត កំពុងវិនិយោគរោងចក្រផ្គុំនិងដំឡើងរថយន្តតម្លៃ ៧លានដុល្លារក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដែលវិនិយោគដោយពាណិជ្ជករវ័យក្មេងជាប់ខ្សែស្រឡាយចិនកំពុងជោគជ័យខាងផ្នែកនាំចូលនិងចែកចាយរថយន្តសេរីទំនើបល្បីៗ ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា គឺឧកញ៉ា ង៉ូវ លាងហួត កំពុងវិនិយោគរោងចក្រផ្គុំនិងដំឡើងរថយន្តក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត របស់អ្នកឧកញ៉ា គិត ម៉េង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន HGB Motors ជាបុត្តសម្ព័ន្ធមួយរបស់ក្រុមហ៊ុន HGB Group កំពុងមានខ្សែសង្វាក់ផលិតកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគ ៧លានដុល្លារអាមេរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។ នេះបើតាមរបាយការណ៍បង្ហាញក្នុងដំណើរទស្សនកិច្ចរបស់អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

គួររំលឹកថា ក្រុមហ៊ុន HGB Motors ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​យល់ព្រម​សំណើ​សុំវិនិយោគគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើង​រថយន្តរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅដែលមាន​ទុនវិនិយោគ ៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាកំពុងទាក់ទាក់ទាញក្រុមហ៊ុនផលិតរថយន្តម៉ាកយីហោល្បីៗរបស់ពិភពលោកចូលមកបណ្តាក់ទុនបង្កើតរោងចក្រកាន់តែច្រើនឡើង ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តជាច្រើន រួមមាន៖ ក្រុមហ៊ុន Hyundai, Kia, Ssangyong, Soueast, Dongfeng, Ford, Toyota, ISUZU និង GTV MOTOR ជាដើម៕