ផ្សារ គ្លូប៊ល ហៅស៍ សាខាខេត្តបាត់ដំបង តម្លៃ ១៦លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន សាយ៉ាម គ្លូប៊ល ហៅស៍ ចំកាត់ របស់ថៃ ជាមួយក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមទំព័រហ្វេកប៊ុករបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ផ្សារ គ្លូប៊ល ហៅស៍ សាខាខេត្តបាត់ដំបង បានសម្ពោធដាក់ឱ្យដំណើរការលក់របស់ខ្លួន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្សារលក់សម្ភារសំណង់ និងលំនៅដ្ឋានសាខាទី២នេះ មានទីតាំងស្ថិតនៅភូមិអង់ សង្កាត់អូចារ ក្រុងបាត់ដំបង (ផ្លូវវាងក្រុង តាមរង្វង់មូលលោកយាយទេព ទៅរង្វង់មូលនាងរំសាយសក់) ខណៈសាខាទី១ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិតផ្សារទំនើបអ៊ីអន២។
ផ្សារ គ្លូប៊ល ហៅស៍ ត្រូវបានវិនិយោគដោយក្រុមហ៊ុន សាយ៉ាម គ្លូប៊ល ហៅស៍ ចំកាត់ របស់ថៃ ដោយសហការជាមួយអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបើកដំណើរការផ្សារ គ្លូប៊ល ហៅស៍ដំបូង ក្នុងទំហំទុនវិនិយោគ ១០លានដុល្លារទអាមេរិក នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨។ ផ្សារ គ្លូប៊ល ហៅស៍ ជាផ្សារទំនើបលក់គ្រឿងសំណង់ និងសម្ភារលំនៅដ្ឋាន Global House ដ៏ធំជាងគេនៅកម្ពុជា។
គួរបញ្ជាក់ថា អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអគ្គនាយកក្រុមហ៊ុន LYP Group និងជាប្រធានសមាគមឧកញ៉ាកម្ពុជា កំពុងកាន់កាប់ៗមុខជំនួញធំៗនៅរាជធានីភ្នំពេញជាង ១០មុខ ក្នុងវិស័យសណ្ឋាគារ ផ្សារទំនើប ការកម្សាន្ត និងក្រុមហ៊ុនអចលនទ្រព្យផ្សេងៗទៀត៕




