អ្នកជំនួញកំពុងល្បីល្បាញនាដើមឆ្នាំ២០២៤នេះពាក់ព័ន្ធនឹងករណីចាក់ថ្មចូលក្នុងទន្លេមេគង្គ ស្ថិតក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាប្រធានបទវែកញែកខ្លាំងពីសាធារណជន លោក ទន់ ឆៃអ៊ាង គឺជាអ្នករកស៊ីលើវិស័យអចលនទ្រព្យ និងទេសចរណ៍មួយរូបនៅប្រទេសកម្ពុជា។
ឈ្មោះ ទន់ ឆៃអ៊ាង ដែលល្បីថាមានគោរមងារ«ឧកញ៉ា» បច្ចុប្បន្នកំពុងកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីមៀរ៍ ផាក ឯ.ក (Premier Park) រកស៊ីលើវិស័យអចលនទ្រព្យមានដូចជាផ្ទះល្វែង បុរី និងដីឡូតិ៍។ ក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះ ភរិយារបស់លោក គឺលោកស្រី សួន ណាផា ក៏មានតួនាទីក្នុងសមាសភាពក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាក្រុមហ៊ុន ព្រីមៀរ៍ ផាក។
ក្រុមហ៊ុន ព្រីមៀរ៍ ផាក ត្រូវបានទទួលស្គាល់ជាសមាជិកគាំទ្រសមាគមអ្នកអភិវឌ្ឍន៏លំនៅឋានកម្ពុជារបស់អ្នកឧកញ៉ា លី ហួរ ដែលតំណាងដោយលោកស្រី សួន ណាផា ក្នុងនាមក្រុមប្រឹក្សាភិបាល កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ ក្រៅពីលោក ទន់ ឆៃអ៊ាង និងលោកស្រី សួន ណាផា ក្រុមហ៊ុននេះមានម្ចាស់ភាគហ៊ុននិងថ្នាក់ដឹកនាំមួយចំនួនទៀត ក្នុងនោះក៏មានលោក ជុំ វីរៈ និងលោក ឈួរ ឈុនហួរ ហើយកំពុងក្តាប់តំណែងអគ្គនាយករងដូចគ្នា ប៉ុន្តែទទួលផែនការផ្សេងគ្នា។ នេះបើតាមប្រភពបង្ហើបប្រាប់សារព័ត៌មានឧកញ៉ាញូស៍ (Oknha News)។
ក្រៅពីវិស័យអចលនទ្រព្យលោក ទន់ ឆៃអ៊ាង ក៏ជាម្ចាស់តំបន់កម្សាន្តថ្មីទើបអភិវឌ្ឍន៍ដែលអ្នកស្រុកហៅថា «រមណីយដ្ឋានកោះស្នេហ៍» ស្ថិតនៅភូមិត្នោតក្រោម ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
«រមណីយដ្ឋានកោះស្នេហ៍» ក៏ត្រូវបានលោក ទន់ ឆៃអ៊ាង ធ្វើការចាក់ខ្សាច់រាប់រយទូកដើម្បីលុបពង្រីកជាតំបន់កោះទម្រាំបានចេញជាកន្លែងទេសចរណ៍ដែលអ្នកស្រុកស្រីសន្ធរកំពុងចាប់អារម្មណ៍ ហើយទីតាំងនេះក៏ធ្លាប់រៀបចំកន្លែងប្រណាំងទូកងលក្ខណៈមិត្តភាពសម្រាប់អ្នកស្រឡាញ់វិស័យកីឡាទូកង ពីមកពីស្រុកស្រីសន្ធរ និងស្រុកកងមាសនៃខេត្តកំពង់ចាម ដែលលោក ទន់ ឆៃអ៊ាង និងសប្បុរសជនផ្សេងទៀតតែងចេញមុខក្នុងការឧបត្ថម្ភរៀបចំព្រឹត្តិការណ៍អុំទូកនាពេលកន្លងមក។
តាមសារព័ត៌មានក្នុងស្រុកមួយចំនួនបាននិយាយថា «លោក ឆៃអ៊ាង ក៏ជាឈ្មួញរកស៊ីលក់ឈើទៀតផង។ ក្រៅពីនេះលោកហាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរខេត្តកំពង់ចាម ក្នុងនោះកាលពីឆ្នាំ២០២១ លោកបានជួយសាងសង់អគារថ្មីមួយកន្លែងឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ដែលចំណាយទឹកប្រាក់ចំនួនជាង ១ម៉ឺនដុល្លារ(១៤.០០០)»៕