លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប និងសហការី បាននាំយកអំណោយជាថវិកា គ្រឿងបរិភោគ និងសម្ភារៈសិក្សាមួយចំនួន ជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឧកញ៉ា ហេង បូរិន បានលើកឡើងលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកុម្ភៈនេះ យ៉ាងដូច្នេះថា៖ “ខ្ញុំរួមទាំងសហការី និងបុគ្គលិកបុរី បានចុះចែកអំណោយក៏ដូចជាថវិកា គ្រឿងបរិភោគ និងសម្ភារ:សិក្សា ដល់ក្មេងៗកំព្រា ក្នុងមណ្ឌលមែកឈើ ដែលគ្រប់គ្រងដោយ លោកគ្រូ ផន ផល្លា។ សូមក្មួយៗខិតខំរៀនសូត្រ ជៀសឆ្ងាយគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដើម្បីកសាងអនាគតខ្លួន ក៏ដូចជាសង្គមជាតិយើងឱ្យបានរុងរឿង”។

នេះគឺជាកម្មវីធីសប្បុរសធម៌មួយទៀត ដែលលោកឧកញ៉ា ហេង បូរិន រៀបចំឡើងដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កុមារកម្ពុជា។ អំណោយសប្បុរសធម៌នេះ បានផ្តោតលើការទ្រទ្រង់ កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបម្រុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ។
សូមជម្រាបថា ឧកញ៉ា ហេង បូរិន ជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិស័យសំណង់ និងអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ លោកឧកញ៉ា ត្រូវបានគេសង្កេតឃើញថា ជាថ្នាក់ដឹកនាំក្រុមហ៊ុនមួយរូប ដែលតែងយកចិត្តទុកដាក់ខ្ពស់ ដល់បុគ្គលិកក្រោមឱវាទ និងការងារសប្បុរសធម៌ជួយកុមារកំព្រានិងកុមារក្រីក្រជាដើម។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោកឧកញ៉ា ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា នាំយកនូវជំនួយឧបត្ថម្ភជាថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាសរុបចំនួន ៤០,៣៤៧ ដុល្លារ ជួយដល់កុមារកំព្រា និងអ្នកមើលថែសរុបចំនួន ២៣៤នាក់ នៅមណ្ឌលកុមារកំព្រាចំនួន ៤ ក្នុងខេត្តកំពង់ស្ពឺផងដែរ៕





