អ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន លី ហួរ គ្រុប បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ជួបពិភាក្សាធុរកិច្ចជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International នៅសណ្ឋាគារ Hyatt Regency កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
គណៈប្រតិភូដែលសុទ្ធសឹងជាថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាធុរកិច្ចនេះរួមមាន៖ អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប, អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Worldbridge Group, អ្នកឧកញ៉ា ផែ ហុកឈួន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យី តាក់ គ្រុប និង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា។

លោក ជែមស៍ ចូនស៍ នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International បានដឹកនាំក្រុមការងារជំនាញលើការងារផ្តល់ប្រឹក្សាយោបល់មួយក្រុមមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិកព្រមទាំងសិក្សាអំពីសក្តានុពលសេដ្ឋកិច្ចនិងបរិយាកាសវិនិយោគតាមរយៈជំនួបជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាតំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងវិស័យឯកជនដទៃទៀតផងដែរ ជាពិសេសការពិភាក្សាទៅលើការបង្កើតយន្តការដើម្បីរៀបចំឱ្យមានជំនួបធុរកិច្ចរវាងធុរជនអាម៉េរិក និងកម្ពុជា។
លោក ជែមស៍ ចូនស៍ គឺជាអតីតមេបញ្ជាការកងម៉ារីនសហរដ្ឋអាម៉េរិកចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣, ជាមេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប នៅអង្គការ NATO ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកិច្ចការអឺរ៉ុប និងអាហ្វ្រិករបស់សហរដ្ឋអាម៉េរិក (US European and African Command) នៅប្រទេសអាឡឺម៉ង់ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ប្រេសិតពិសេសនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខតំបន់មជ្ឈិមបូព៌ាចាប់ពី២០០៧ ដល់ឆ្នាំ២០០៨, និងជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។
លោកបានក្លាយជាអ្នកតស៊ូមតិប្រកបដោយបរិយាប័ន្នសម្រាប់វិស័យឯកជនក្នុងបញ្ហាសន្តិសុខជាតិ និងគោលនយោបាយការបរទេស, លើកទឹកចិត្តបង្កើនកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន, និងមានឆន្ទៈក្នុងការរក្សាភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាម៉េរិកក្នុងសតវត្សរ៍ពោរពេញទៅដោយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន៕





