តើអ្នកឧកញ៉ា គិត ម៉េង បណ្តាក់ទុនប៉ុន្មានលានដុល្លារក្នុង«ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ» អភិវឌ្ឍផ្លូវរថភ្លើង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ។ បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៩ នៅពេលដែលរដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានរយៈពេល ៣០ឆ្នាំដែលអនុញ្ញាតឱ្យក្រុមហ៊ុនToll Cambodia Co Ltd ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Toll Holding Ltd មានមូលដ្ឋាន​នៅប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Royal Group of Companies Ltd គ្រប់គ្រងប្រតិបត្តិការប្រព័ន្ធផ្លូវដែកនៅកម្ពុជា។

នៅឆ្នាំ២០១៤ ក្រុមហ៊ុន Toll Holding បានផ្ទេរភាគហ៊ុនទាំងអស់ទៅដៃគូក្នុងស្រុករបស់ខ្លួនដែលធ្វើឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ក្លាយជាម្ចាស់ភាគហ៊ុនតែមួយ។ ក្រុមហ៊ុននេះត្រូវបានប្តូរឈ្មោះទៅជារ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia)។ បច្ចុប្បន្នលោក John Ivor Guiry នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក។

អ្នកឧកញ៉ា គិត ម៉េង ធ្លាប់បានលើកឡើងថា សព្វថ្ងៃវាមិនត្រឹមតែដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងរីកចម្រើន ហើយត្រូវការធនធានបន្ថែមទៀត។ ផ្លូវដែកបានចាប់ផ្តើមដំណើរការម្តងទៀតក្នុងឆ្នាំ២០១០ ចាប់តាំងពីពេលនោះមកអ្នកឧកញ៉ាបានបណ្តាក់ទុនជាង ១០០លានដុល្លារ ហើយបានអភិវឌ្ឍផ្លូវដែកឱ្យមានលក្ខណៈដូចបច្ចុប្បន្ន។

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានចុះបញ្ជីលក់មូលបត្របំណុលក្នុងឆ្នាំ២០២២ សម្រាប់ផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក។ 

ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅផ្សារមូលបត្រកម្ពុជា កាលពីឆ្នាំ២០២២កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា ការបន្លឺកណ្ដឹងសម្រាប់ការចុះបញ្ជីមូលបត្របំណុលទីមួយចំនួន ១០លានដុល្លារ នៅលើទីផ្សារមូលបត្រកម្ពុជា និងមូលបត្របំណុលទីពីរចំនួន ២០លានដុល្លារ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ្នកឧកញ៉ា និងការវិនិយោគបន្តទៅក្នុងផ្លូវដែក។

 អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា «ផ្លូវដែក គឺជាគោលដៅមួយក្នុងចំណោមគោលដៅរបស់អ្នកឧកញ៉ា ក្នុងការសម្រេចបាននូវសេវាកម្មដឹកជញ្ជូន ដើម្បីជួយដល់ការរីកចម្រើនរបស់ប្រទេស»

ទន្ទឹមនឹងនេះ អ្នកឧកញ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍផ្លូវដែកកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ជំនួយជាយុទ្ធសាស្ត្រសម្រាប់គម្រោងផ្លូវដែក។

សូមជម្រាបជូនថា ថ្មីៗនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជួសជុលលើកកម្រិត ផ្លូវដែក ស្ពាន ស្ថានីយ និងផ្លូវឆ្លងកាត់ផ្លូវដែក ព្រមទាំងផែនការសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិថែមទៀតផង៕