សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ជួយដោះស្រាយបញ្ហាកង្វះទីផ្សាររបស់កសិករ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពី​យប់ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការ និងដាក់ឱ្យដំណើរការនូវកម្មវិធីទិញលក់ស្រូវ តាមទូរស័ព្ទដៃ (Paddy App) ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដាក់លក់ស្រូវតាមប្រព័ន្ធឌីជីថល និង​ជាគន្លឹះមួយនៃការដោះស្រាយ​បញ្ហាតម្លៃ និងទីផ្សារស្រូវជូនដល់ប្រជាកសិករនៅកម្ពុជា។​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីទិញលក់ស្រូវ​តាមទូរស័ព្ទដៃ ពិតជាមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសគឺកសិករ ដោយសារ App នេះ នឹងដើរតួយ៉ាង​សំខាន់​ក្នុងការផ្គូផ្គង ឬជាកន្លែងជួបគ្នារវាងកសិករ និងម្ចាស់រោងម៉ាស៊ីនទិញស្រូវ។ លោកបន្តថា App នេះ នឹងផ្តោត​សំខាន់​ទៅលើការទិញលក់តែស្រូវ និងអង្ករតែប៉ុណ្ណោះ ហើយតាមរយៈ App នេះ នឹងធ្វើបច្ចុប្បន្នភាពនូវតម្លៃស្រូវជានិច្ច ដែល​នឹង​ផ្តល់ភាពងាយស្រួលអ្នកដែលស្វែងរកទិញស្រូវពីកសិករ។

លោកឧកញ៉ា​បន្ថែមថា ស្របពេលកសិករនៅមានកម្រិតលើការប្រើប្រាស់បច្ចេកវិទ្យា សហព័ន្ធស្រូវអង្ករកម្ពុជា និង​សហការ​ជាមួយក្រសួងកសិកម្ម ដើម្បីឱ្យនិស្សិតស្ម័គ្រចិត្ត និងនិស្សិតដែលបានប្រឡងជាប់ជា​មន្រ្តីកសិកម្មបម្រើការងារ​នៅតាមឃុំ​នីមួយៗ ចូលរួមក្នុងការជួយដល់កសិករឱ្យចេះប្រើប្រាស់ App នេះឱ្យកាន់តែច្បាស់។

លោក​ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​​បាន​មាន​ប្រសាសន៍​ថា កម្មវិធីទិញលក់ស្រូវ តាមទូរស័ព្ទដៃ (Paddy App) មានសារៈសំខាន់​ខ្លាំងណាស់​សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ជាពិសេសកម្មវិធីនេះ គឺសំដៅជួយលើក​កម្ពស់ដល់សហគមន៍កសិករ។

តាម​ឱ្យ​ដឹង​​ពី​លោក​ឧកញ៉ា ចាន់ សុឃាំង ប្រទេសកម្ពុជា ជាប្រទេសមួយប្រកបដោយ​អំណោយផលនៃធម្មជាតិ​ជាច្រើន​ទាំងសណ្ឋានដី អាកាសធាតុ តែដោយសារសង្គ្រោម បានធ្វើឱ្យកសិករកម្ពុជាចំនួន ជាង២៨% ឬប្រហាក់ប្រហែល​១.០៩លានគ្រួសារ មានដីស្រែតិចជាង ១ហិកតា និង កសិករចំនួន១១% ជាង ៤សែន៥ម៉ឺនគ្រួសារធ្វើស្រែ​ដោយការ​ជួលដី។ កសិករទាំងពីរប្រភេទនេះជាប្រភេទកសិករដែលងាយរងគ្រោះជាងគេព្រោះថ្លៃដើមផលិតខ្ពស់ ដែលមិនអាច​ផលិត​ស្រូវប្រភេទធម្មតាយកបរិមាណបានទេ មានតែការជំរុញនៃការផលិតដោយផ្តោតយកគុណភាព គុណតម្លៃ ដែល​អាចផ្តល់តម្លៃបន្ថែម លើការលក់កសិផលរបស់ខ្លួន។

លោក​ឧកញ៉ា ចាន់ សុឃាំង បាន​បញ្ជាក់​ថា សហព័ន្ធ​ស្រូវអង្គរកម្ពុជា កំពុង​ធ្វើ​យ៉ាងណា​ឱ្យ​ ទីផ្សារអង្ករកម្ពុជា​ឱ្យកាន់តែមាន​ភាព​ទាក់​ទាញ​បន្ថែមទៀត ទាំងទីផ្សារក្នុងស្រុក និង​ទីផ្សារអន្តរជាតិ លើបច្ចុប្បន្នភាពនៃកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ដែលធ្លាប់​ទទួល​បាន​ពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន ៥ដង នាឆ្នាំ​២០១២ ២០១៣ ២០១៤ ២០១៨ និង ២០២២ សម្រាប់​ពូជស្រូវ ផ្ការំដួល និងពានរង្វាន់មាសចិនអាស៊ាន ឆ្នាំ​២០២៣ សម្រាប់អង្ករពូជស្រូវសែនក្រអូប០១៕