សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា និងភោជនីយដ្ឋានបាយ័ន សម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា MoU ដើម្បីរួមដៃគ្នាអភិវឌ្ឍន៍សហគ្រាសមីក្រូ តូច និងមធ្យម តាមរយៈការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ពិធីចុះហត្ថលេខាធ្វើឡើងក្រោមវត្តមានលោកស្រីឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងលោកស្រី ថេ ដាឡែន អគ្គនាយិកានៃភោជនីយដ្ឋានបាយ័ន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រីឧកញ៉ា កែវ មុំ មានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្ដរីករាយក្រៃលែងដែលសភាមុខរបរ និងមីក្រូ សហគ្រាសកម្ពុជា បានសហការចុះ MOU ជាមួយភោជនីយដ្ឋានបាយ័ន ដោយបានផ្ដល់ផលនិងសេវាកម្មជាច្រើនដល់សភាមុខរបរ»។ ទន្ទឹមនឹងនេះលោកស្រីរំពឹងថា នៅថ្ងៃខាងមុខម្ហូបរបស់ខ្មែរនឹងមានវត្ដមាននៅគ្រប់ប្រទេសទាំងអស់ ដើម្បីបង្ហាញបរទេសពីមុខម្ហូបដែលឆ្ងាញ់របស់ខ្មែរ។
លោកស្រីគូសបញ្ជាក់ថា ការចាប់ដៃសហការរវាងសភាមុខរបរនិង ភោជនីយដ្ឋានបាយ័ន គឺជាការបង្ហាញ ឲ្យឃើញនូវភាពសាមគ្គីរវាងគ្នា ហើយអនុស្សរណៈនេះពួកយើង នឹងអាចធ្វើការងារជាច្រើនជាមួយគ្នា។
លោកស្រីឧកញ៉ាបានសង្កត់ធ្ងន់ថា៖ «ការធ្វើអាជីវកម្មនៅសម័យបច្ចុប្បន្ននេះ មិនដូចពីបុរាណនោះទេ…! កាលពីបុរាណអ្នកដែលមានលុយគ្មានចំណេះដឹងក៏អាចធ្វើអាជីវកម្មបាន…! ប៉ុន្ដែនៅសម័យនេះគឺមិនបាននោះទេ ទាមទារឱ្យមានសមត្ថភាព លុយនិងកម្លាំងរួមសហការគ្នា…! ហើយតាមរយៈការគិតគូ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនេះហើយ ទើបភោជនីយដ្ឋាន បាយ័ន សម្រេចចុះ MOU»។
ជាមួយគ្នានេះដែរ លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋាន បាយ័ន ក៏លើកឡើងពីគោលបំណងនៃការចុះ MoU ធ្វើឡើងក្រោយពីលោកស្រីបានមើលឃើញពីវឌ្ឍនភាពរបស់សភាមុខរបរ មីក្រូសហគ្រាសកម្ពុជា ទើបមានចក្ខុវិស័យ បេសកម្ម និងគោលបំណងរួមគ្នា អភិវឌ្ឍមុខរបរឱ្យរីកចម្រើន លូតលាស់លើវិស័យមីក្រូសហគ្រាស ជ្រកក្រោមម្លប់សន្ដិភាព។
សូមជម្រាបជូនថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនលើគ្រប់វិស័យដល់សមាជិករបស់សភាមុខរបរ និងមីក្រូ សហគ្រាសកម្ពុជា ដែលផ្ដល់ដោយភោជនីយដ្ឋានបាយ័ន ដូចជា៖ មិនគិតថ្លៃចំពោះបន្ទប់បណ្ដុះបណ្ដាល គ្រប់សាខាទាំងអស់, ថ្លៃអាហារ និងអាហារសម្រន់អាចមានការបត់បែន និងពិភាក្សាតាមកញ្ចប់ថវិកា, មិនគិតថ្លៃចំពោះគ្រូបណ្ដុះបណ្ដាលដែលចាត់តាំងទៅជួបវាគ្មិន, បញ្ចុះតម្លៃ១០% សម្រាប់អាហារព្រឹក និងថ្ងៃត្រង់ ចំពោះសមាជិកទាំងអស់របស់សភាមុខរបរ និងមីគ្រូសហគ្រាសកម្ពុជា, ការរៀបចំកម្មវិធីជប់លៀងទាំងក្នុងភោជនីយដ្ឋាន ឬនៅកន្លែងណា មួយ ដែលជាសមាជិកសភាមុខរបរ និងសហគ្រាសកម្ពុជា បានធ្វើការកក់ ពីភោជនីដ្ឋានបាយ័ននឹងមានការបញ្ចុះតម្លៃ១០% សម្រាប់ការចំណាយអស់១០០០ដុល្លារ និងបញ្ចុះ១៥% សម្រាប់ការចំណាយអស់ចាប់ពី២០០០ដុល្លារ៕