ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសមាគម និងតំណាងនៃក្រសួងស្ថាប័ន ព្រមទាំងស្ថាប័នឯកជន ប្រមាណជាង ១០ ក្រុមហ៊ុន ចេញដំណើរពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីទស្សនកិច្ចការងារនិងទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចការងារដែលដឹកនាំដោយឧកញ៉ា ហុង ឆេងឈុន តតាមការអញ្ជើញរបស់ឯកអគ្គរាជទូតឥណ្ឌូណេស៊ី តំណាងនៃក្រសួងស្ថាប័នចំនួន ៤ ក៏បានចូលរួម មានដូចជា មន្ត្រីតំណាងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ត្រីតំណាងនៃក្រសួងពាណិជ្ជកម្ម មន្ត្រីតំណាងនៃក្រសួងរ៉ែ ថាមពល និងមន្រ្តីតំណាងនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងស្ថាប័នឯកជនប្រមាណជាង ១០ ក្រុមហ៊ុន ដែលមានការរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
តាមកម្មវិធីនៃដំណើរទស្សនកិច្ចនេះ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ខណៈដែលនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ លោកឧកញ៉ា ហុង ឆេងឈុន នឹងដឹកនាំប្រតិភូកម្ពុជា ដើម្បីផ្គូរផ្គង់ដៃគូអាជីវកម្ម នៅក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី។ បន្ទាប់មក នឹងមានកម្មវិធីទទួលទានអាហារសាមគ្គីនៅស្ថានទូតឥណ្ឌូនេស៊ី ព្រមទាំងមានជំនួបធុរកិច្ចជាមួយក្រុមហ៊ុនមួយចំនួន និងការចុះកិច្ចព្រមព្រៀងជាមួយសភាពាណិជ្ជកម្មអន្តរជាតិជាន់ខ្ពស់ឥណ្ឌូនេស៊ី ផងដែរ មុននឹងវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។
គួររំឭកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ា ហុង ឆេងឈុន បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក អញ្ជើញចូលសម្តែងការគួរសម និងសំណេះសំណាលកិច្ចការធុរកិច្ចជាមួយ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌូនេស៊ី ប្រចាំកម្ពុជា។
លោកឧកញ៉ាប្រធានសមាគម បានឱ្យដឹងថា ជំនួបខាងលើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រីកពង្រឹងលើការវិនិយោគនានា ជាពិសេសលើវិស័យសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា-ឥណ្ឌូនេស៊ី ក៏ដូចជាការផ្តល់ឱកាសសម្រាប់សហគ្រិនរវាងប្រទេសទាំងពីរ ឱ្យមានឱកាសសហការរួមគ្នា ដើម្បីនាំចេញ-នាំចូលផលិតផលកម្ពុជា-ឥណ្ឌូនេស៊ី ព្រមទាំងគោលបំណងបង្កើនការនាំចេញ-នាំចូល ឱ្យមានទំហំទឹកប្រាក់ឱ្យលើសពី ១០០០លានដុល្លារក្នុងមួយឆ្នាំ៕