រយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៤នេះ គេតែងឃើញវត្តមានលោកឧកញ៉ាវ័យក្មេង ទ្រី ដាលុច កូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប តែងតែអមដំណើរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកម្មវិធីផ្សេងៗជាញឹកញាប់។ តាមប្រភពជិតស្និទ្ធមួយ បានប្រាប់ដល់ ឧកញ៉ា ញូស៍ ថាលោកឧកញ៉ា ទ្រី ដាលុច បច្ចុប្បន្នមានតួនាទីជា នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ប្រភពសុំមិនបង្ហាញឈ្មោះខាងលើ បានឱ្យដឹងទៀតថា លោកឧកញ៉ា ទ្រី ដាលុច ទទួលបានការតែងតាំងជា នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈសេចក្តីសម្រេច កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងសេចក្តីសម្រេចតែងតាំងមន្ត្រីខុទ្ទកាល័យនេះ មានសមាសភាពសរុបចំនួន ១២រូប ក្នុងនោះ លោក សួន ភារិទ្ធ ជានាយកខុទ្ទកាល័យ, នាយករងខុទ្ទកាល័យ ចំនួន ៤រូប រួមទាំងឧកញ៉ា ទ្រី ដាលុច ព្រមទាំងសមាជិកផ្សេងៗចំនួន ៧រូបទៀត។
សូមជម្រាបថា លោកឧកញ៉ា ទ្រី ដាលុច ដែលជាកូនប្រុសទី១ ស្ថិតក្នុងចំណោមបងប្អូន៥នាក់របស់អ្នកឧកញ៉ា ទ្រី ភាព បច្ចុប្បន្នជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប។ លោកទទួលបានគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៣៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣។ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោកត្រូវបានគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តតែងតាំងឱ្យឈរឈ្មោះជាបេក្ខជនបម្រុង លំដាប់លេខរៀងទី៩ នៅមណ្ឌលខេត្តកណ្ដាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧៕