ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia នាថ្ងៃទី២៩ កុម្ភៈ នេះ បានបញ្ចេញទស្សនៈ និងក្ដីរំពឹងខ្ពស់ ក្រោយជំនួបការទូតពាណិជ្ជកម្ម រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយលោក Brian D. McFeeters នាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូក្រុមហ៊ុនធំៗរបស់អាមេរិក ចំនួន ១៧ក្រុមហ៊ុន។
មានប្រសាសន៍តាមរយៈសារអេឡិចត្រូនិក ចេញពីកម្មវិធី “វេទិការធុរកិច្ច និងវិនិយោគ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម” ពីរាជធានីអាប៊ូដាប៊ី ប្រទេសអាមីរ៉ាតអារ៉ាប់រួម ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia មានសុទិដ្ឋិនិយមខ្ពស់ លើវិស័យធុរកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤នេះ យ៉ាងដូច្នេះថា៖ “សម្រាប់ខ្ញុំមើលឃើញថា ក្នុងអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី សម្ដេចព្យាយាមមែនទែន ដើម្បីទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគបន្ថែមនៅស្រុកខ្មែរយើង ជាពិសេសបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងៗដូចជា នៅអុឺរ៉ុប អាមេរិកជាដើម ហើយនេះជាសញ្ញាមួយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជឿនលឿនជាផ្សេងៗទៀត នឹងត្រៀមបន្តមកបណ្ដាក់ទុនរកសុីនៅកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងអាណត្តិទី៧ នេះ។”
សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី១ លើពិភពលោក។ ដូច្នេះប្រសិនបើក្រុមហ៊ុនធំៗ ឬវិនិយោគិនអាមេរិក មកបណ្ដាក់ទុនរកសុីនៅប្រទេសណាកាន់តែច្រើន ប្រទេសសេដ្ឋកិច្ចធំៗ ដែលជិតស្និតជាមួយអាមេរិក ក៏នឹងមកតាមដែរ អាចមានដូចជា អង់គ្លេស អូស្ត្រាលី ជប៉ុន កូរ៉េ ជាដើម។ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បន្ថែម។
គួរបញ្ជាក់ថា ក្រោយជំនួបជាមួយសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្រុមហ៊ុនធំៗអាមេរិកទាំង ១៧ នោះ សុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ ដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុន Meta (Facebook) , ក្រុមហ៊ុនADM, ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Manulife ជាដើម ។ល។ នេះបើតាមការគូសបញ្ជាក់ពីលោក Brian D. McFeeters ប្រាប់សម្តេចធិបតី នាយករដ្ឋមន្រ្តី។
KW Cambodia គឺជាម៉ាកយីហោក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមួយដ៏ធំនៅសហរដ្ឋអាមេរិក និងលើពិភពលោក ដែលលោកឧកញ៉ា គីម ហ៊ាង បានចុះហត្ថលេខាផ្តាច់មុខតាំងពីក្នុងឆ្នាំ២០២៨ នាំចូលមកពង្រីកសាខាបន្តក្នុងប្រទេសកម្ពុជា ដោយគិតរយៈពេល២០ឆ្នាំ បូក២០ឆ្នាំ ស្មើនឹង៤០ឆ្នាំ។ KW Cambodia មកពីពាក្យពេញ Keller Williams Cambodia ដែលក្រុមហ៊ុនអាមេរិក Keller Williams Realty International បង្កើតឡើងដំបូង កាលឆ្នាំ១៩៨៣ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានកែប្រែពីក្រុមហ៊ុនអចលនទ្រព្យ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអចលនទ្រព្យវិញ។ Keller Williams Realty បច្ចុប្បន្នមាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ និងមានក្រុមការងារជិត ២សែននាក់ នៅទូទាំងពិភពលោក។ KW Cambodia សព្វថ្ងៃ មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុ និងខេត្តកំពត ៕