គម្រោងអភិវឌ្ឍន៍ទីក្រុងរាម តម្លៃ១៦ពាន់លានដុល្លារ របស់អ្នកឧកញ៉ា១រូប ត្រៀមបើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights

ជុំវិញ​ឧកញ៉ា

គម្រោងអភិវឌ្ឍន៍នៃទីក្រុង​រាម លើផ្ទៃដី ៩៣៤​ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទុន​វិនិយោគរហូតដល់ ១៦ ពាន់លានដុល្លារ​របស់ក្រុមហ៊ុន Canopy Sands Development Co.,Ltd ​ជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​នៃ ​ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) របស់​អ្នកឧកញ៉ា ចេន ហ្ស៊ី ត្រៀមបើកសម្ពោធ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Bay of Lights ​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បន្ទាប់ពី​មន្ត្រីជំនាញ​បាន​ចុះ​ទៅពិនិត្យ​ទីតាំង​ផ្ទាល់ កាលពី​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ​​ម្សិលមិញ​នេះ លោក ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ​​បាន​ដឹកនាំ​មន្ត្រីជំនាញ​​ចុះទីតាំងផ្ទាល់​ ដើម្បីពិនិត្យ និងផ្តល់យោបល់ជូនទៅខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី តាមសំណើសុំអញ្ជើញ​សម្តេចធិបតី បើកសម្ភោធនូវគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights នៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុន Canopy Sands Development Co.,Ltd។​​

ការចុះពិនិត្យទីតាំង​គ្រោង​បើកសម្ពោធ​នេះ​ ក៏​​មានការចូលរួមពី​ លោក យូសុះ សូឡៃម៉ាន អភិបាលរងនៃគណៈអភិបាល​ខេត្តព្រះសីហនុ ប្រធានផ្នែកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រធានមន្ទីរទេសចរណ៍​ខេត្តព្រះសីហនុ អនុប្រធានមន្ទីរសុរិយោដី​ខេត្តព្រះសីហនុ លោកអភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ និងមន្រ្តី​ជំនាញ​ជា​ច្រើន​រូប​ទៀត​ចូលរួមផងដែរ។

គួររំឭក​ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន Canopy Sands Development Co.,Ltd​ បាន​ចាប់ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (Prince Real Estate)​ បើកការដ្ឋានសាងសង់​ជំហានដំបូង​​គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY ដែលមានទីតាំងនៅឆ្នេររាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែល​កម្មវិធីនោះ​ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក​ គួច ចំរើន អភិបាល ខេត្ដព្រះសីហនុផងដែរ។

បើ​តាម​ផែនការមេ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង​រាម ដែលជាគម្រោង​អភិវឌ្ឍន៍​លំដាប់ថ្នាក់ពិភពលោក​ បាន​ចែកជា ៣ជំហានគឺ៖ ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥ ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥ និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥ ក្នុងនោះ រួមមាន​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់​នៅ​ សាលប្រជុំ សាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា រួមទាំង​ទីលាន​កីឡា​វាយកូនគោលផងដែរ។

សូមជម្រាប​ផង​ដែរ​ថា កាលឆ្នាំ២០២២ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ​របស់​អ្នកឧកញ៉ា ចេន ហ្ស៊ី ត្រូវ​បានទទួលស្គាល់ដោយ​ទស្សនាវដ្ដីធុរកិច្ច​អន្តរជាតិ ដែល​បោះពុម្ព​នៅ​ទីក្រុង​ឌូបៃ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ល្អ​បំផុត​នៅ​កម្ពុជា ក្នុង​នោះ​ការវិវឌ្ឍន៍ដ៏សំខាន់មួយ គឺការដាក់ចេញនូវផែនការមេ នៃការអភិវឌ្ឍន៍ប្រកប​ដោយចីរភាពសម្រាប់​គម្រោងឆ្នេររាមនៃខេត្តព្រះសីហនុ៕