ថៅកែស្រី ឡូវ ហ្គេចម៉ី ម្ចាស់ហាង ជីអ៊ឹម សំអាងការ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថ្ងៃចូលរោងជ័យនៃពិធីមង្គលការរបស់ខ្លួនជាផ្លូវការ ជាមួយនឹងកូនកំលោះឈ្មោះ យិត ឌីណារ័ត្ន នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកស្រីឧកញ៉ាវ័យក្មេង បានលើកឡើងលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រនេះ ដូច្នេះថា៖ “ពេលវេលាកាន់តែខិតជិតទៅដល់ថ្ងៃ ដែលយើងទាំង២នាក់ មិនអាចភ្លេច Dynaroat Yit & Ghechmey Lov។ ១៨-១៩.០៣.២០២៤”។ តាមការបង្ហាញពីទំព័រហ្វេសប៊ុក GM Embellishment បានឱ្យដឹងទៀតថា ឆ្នាំនេះជាឆ្នាំពិសេសមួយ ដែលថៅកែស្រីរបស់ខ្លួន នឹងរៀបចំសំអាងសម្រាប់ពិធីមង្គលការខ្លួនឯងតែម្តង។

គួររំឭកថា កាលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ លោកស្រីឧកញ៉ា ឡូវ ហ្គេចម៉ី បានរៀបចំពិធីឡើងគេហដ្ឋានដ៏ធំស្កឹមស្កៃមួយ។ ក្នុងពិធីនោះ លោកស្រីឧកញ៉ា បានលើកឡើងថា លោកស្រីមានគ្រប់យ៉ាងមកដល់ពេលនេះ ដោយសារមានលោកប៉ា អ្នកម៉ាក់ ជាបង្គោលដ៏រឹងមាំ និងមានបងប្អូន បងថ្លៃប្អូនថ្លៃល្អៗជាកម្លាំងចិត្ត។
សូមជម្រាបថា លោកស្រីឧកញ៉ា ឡូវ ហ្គេចម៉ី ជាកូនស្រីពាណិជ្ជករ និងជាឥស្សរជនជាន់ខ្ពស់ម្នាក់គឺ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្អូនស្រីរបស់លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាល។ ម្ចាស់ហាង ជីអ៊ឹម សំអាងការ រូបនេះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២៕




