សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន របស់ឧកញ៉ា សូ ងួន កាលពីថ្ងៃទី២៩ ខែកុម្ភៈ បានចេញលិខិតជូនដំណឹងផ្លូវការមួយ ដើម្បីបំភ្លឺទៅលើការភាន់ច្រឡំទាំងឡាយនៅលើបណ្តាញសង្គម ដែលមានឈ្មោះ និងនិមិត្តសញ្ញារបស់ខ្លួន មានរួមបញ្ចូលនឹងរូបភាពឯកជនរបស់លោកស្រីឧកញ៉ា ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី។
តាមខ្លឹមសារលិខិត សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន បានបញ្ជាក់ថា ការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដោយមានឈ្មោះ និងនិមិត្តសញ្ញារបស់ខ្លួន រួមបញ្ចូលនឹងរូបភាពឯកជនរបស់គ្រួសារលោកស្រី ទ្រី ដាណា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ គឺមិនមែនជាស្នាដៃដើមរបស់សិប្បកម្មផលិតសៀវភៅ “ស៊្រុន ងួន” ទេ។ បន្ថែមពីនេះ សិប្បកម្ម ក៏សូមបដិសេធទាំងស្រុងចំពោះរូបភាពខាងលើ និងសូមសាធារណៈជន ជាពិសេសសិស្សានុសិស្ស មេត្តាជ្រាបថា សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន មិនបានប្រើប្រាស់ “រូបភាពមឯកជនរបស់គ្រួសារលោកស្រី ទ្រី ដាណា” មកធ្វើជាគម្របសៀវភៅនោះទេ។
សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ក៏ស្នើសុំឱ្យអ្នកលេងបណ្តាញសង្គមមេត្តាបញ្ឈប់ការចែករំលែកបន្តនូវរូបភាពកាត់តបែបគម្របសៀវភៅ ដែលមាននិមិត្តសញ្ញា (Logo) សៀវភៅ “ស៊្រុន ងួន” ដែលធ្វើឱ្យសាធារណៈជន មានការភាន់ច្រឡំជាខ្លាំង។
គួរបញ្ជាក់ថា កាលថ្ងៃទី២៩ ខែកុម្ភៈ លោកស្រីឧកញ៉ា ទ្រី ដាណា បានបង្ហោះរូបភាពលើទំព័រហ្វេសប៊ុក ជាមួយនឹងស្វាមី លោក រស់ រាជ្ជសាល ដោយស្លៀកពាក់បែបខ្មែរបុរាណ ឈរលើផ្ទាំងថ្មនៅឆ្នេរសមុទ្រមួយកន្លែង ភ្ជាប់ជាមួយនឹងសារខ្លីថា “ព្រះថោងតោងស្បៃ”។ រូបភាពនេះ បានធ្វើឱ្យជនឆ្លៀតឱកាសយកទៅកាត់តបន្ថែមជាមួយនឹងនិមិត្តសញ្ញា “ស៊្រុនងួន-៣០០ទំព័រ” ធ្វើឱ្យមានការយល់ច្រឡំយ៉ាងខ្លាំងលើបណ្តាញសង្គម៕