តារាចម្រៀង ខេម បានក្លាយជាប្រធាននៃក្រុមបាល់ទាត់ Cambodia Football Super Star ដែលមានសមាជិកក្រុមសុទ្ធតែជាតារាក្នុងការប្រកួតមិត្ដភាពសម្បុរសធម៌ ក្រោមមូលបទ “មាតាអស្ចារ្យដើម្បីស្នាមញញឹមកុមារ” ជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលដឹកនាំដោយ ឯកឧត្ដម វ៉ី សំណាង នាចុងសប្ដាហ៍ក្រោយនេះ ដោយក្នុងនៅការប្រកួតនេះ មានសប្បុរសជនចូលរួមជួយបានជាង ៧០លានរៀលហើយ ដើម្បីធ្វើកិច្ចការសប្បុរសធម៌រួមគ្នា។

តាមរយៈសន្និសីទសារព័ត៌មានមួយនៅភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែមីនា ខេម បានឲ្យដឹងថា តាមការគ្រោងទុក ក្រុមទាំងពីរ នឹងប៉ះជើងគ្នានៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ មិនថាក្រុម ណាចាញ់ ឬឈ្នះនោះទេ គឺទឹកប្រាក់ ដែលមានការបរិច្ចាគពីសប្បុរសជនយ៉ាងច្រើនសម្រាប់គាំទ្រដល់កម្មវិធីប្រកួតនេះ នឹងត្រូវជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់គម្រោងមនុស្សធម៌មួយចំនួនទៀត។
ដំណឹងបឋមជុំវិញ ការបរិច្ចាគថវិកាលើគម្រោងមនុស្សធម៌នេះ បានកើនឡើងដល់ជាង ៧០លានរៀលហើយ ក្នុងនោះមានការបរិច្ចាគរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ចំនួន ៥០លានរៀល។

កំពូលតារាចម្រៀង លោក ខេម បានរំលឹកថា ក្រុមបាល់ទាត់ដែលផ្ដួចផ្ដើមដោយរូបលោក បានដំណើរការបានជាង៤ខែមកហើយនោះ គឺដំបូងឡើយគ្រាន់តែចង់បង្កើនចំណងមិត្ដភាពរវាងអ្នកសិល្បៈ និងអ្នកសិល្បៈ បង្កើតភាពសប្បាយរីករាយ និង លេងដើម្បីសុខភាពប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ក្រុមលោកបានធ្វើរឿងដ៏អស្ចារ្យមួយទៀត គឺលេងដើម្បីសប្បុរសធម៌។ ក្រុមខេមបូឌាហ្វូតបលសូពើស្តារ សុទ្ធតែជាអ្នកសិល្បៈ មានផ្នែកចម្រៀង ម៉ូឌែល អ្នកសម្តែង ពិធីករ និងអ្នកភ្លេង ។ល។
គោលបំណងសំខាន់ដែលយើងបង្កើតក្រុមនេះឡើង គឺដើម្បីជំរុញលើកស្ទួយនិងបំផុសចលនាចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់ជម្រើសជាតិខ្មែរ ឱ្យកាន់តែប្រសើរឡើង និងមានឆន្ទះខ្ពស់ប្រកួតប្រជែងកាន់តែខ្លាំង, ចូលរួមបំផុសគាំទ្រលីគ កំពូលក្នុងនិងប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លា ,ចូលរួមលេងកីឡាដើម្បីសប្បុរសធម៌ និងរឹតចំណងមិត្តភាព ការរាប់អានរវាងសិល្បៈ និងសិល្បៈដូចគ្នា។

ខេម បានបន្តឲ្យដឹងទៀតថា កន្លងមកក្រុមយើងធ្លាប់ប្រកួតក្នុងកម្មវិធីធំចំនួន ២ លើកមកហើយ យើងប្រមូលបានប្រាក់ជាងមួយម៉ឺនដុល្លារ ដើម្បីជួយកុមារកំព្រានៅខេត្តស្វាយរៀង។
ជាមួយនឹង ការប្រកួតនាពេលខាងមុខនេះ តំណាងក្រុមទាំងពីរ បានជួបទល់មុខគ្នាមុនការប្រកួតចូលមកដល់ ដោយភាគីរដ្ឋបាលខេត្ដកំពង់ស្ពឺ ដឹកនាំដោយអភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ គឺ ឯកឧត្តម វ៉ី សំណាង និងតំណាងក្រុមបាល់ទាត់ Cambodia Football Super Star ដឹកនាំដោយ ខេម ជាប្រធានក្រុម។

ក្រោមក្រសែភ្នែកកីឡាករដែលភាគច្រើនជាតារាៗ និងអាជ្ញាធរខេត្ដកំពង់ស្ពឺ បានលើកឡើងស្រដៀងគ្នាថា ការប្រកួតលើកនេះ គឺធ្វើឡើងដើម្បីសាកជើងគ្នារវាងក្រុមទាំងពីរ ដើម្បីអបអរសាទរថ្ងៃសិទ្ធិនារី ៨មីនា និងដើម្បីសកម្មភាពមនុស្សធម៌ ដោយទឹកប្រាក់ទាំងអស់ ដែលសប្បុរសជនបានចូលរួមនោះ នឹងក្លាយជាផ្នែកមួយជួយដល់កុមារកម្ពុជា ទូទាំងប្រទេស តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា និងគាំទ្រដល់សកម្មភាពមនុស្សធម៌មួយចំនួនទៀត របស់ខេត្តកំពង់ស្ពឺ។











ខាងក្រោមនេះ គឺជាឈ្មោះ សប្បុរសជនដែលបានចូលរួមគាំទ្រជាបឋម នៃការប្រកួតមិត្តភាពនេះ ក្នុងរង្វង់ទឹកប្រាក់ជាង ៧០លានរៀល៖
-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៥០លានរៀល
-ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ១០ លានរៀល
១/ក្រុម Cambodia Football Superstar ៥ លានរៀល
២/អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ១លានរៀល
៣/ឧកញ៉ា យឹម តាស្រង់ ៥០ម៉ឺនរៀល
៤/អ្នកឧកញ៉ា ឡេង ប្រុស ១លានរៀល
៥/លោកឧកញ៉ា សំ បូទម្ភ និងលោកជំទាវ ១លានរៀល
៦/លោកឧកញ៉ា អ៉ឹង គីមហុង និងលោកជំទាវ ១លានរៀល
៧/ឯកឧត្តម ខេមរៈ ភារុន ២០ម៉ឺនរៀល
៨/លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ៥០ម៉ឺនរៀល
៩/លោកឧកញ៉ា ចេង ខេង និងលោកជំទាវ ៥០ម៉ឺនរៀល
១០/លោកឧកញ៉ា ហេង ឡុង និងលោកជំទាវ ៥០ម៉ឺនរៀល
១១/ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងស្វាមី ៥០ម៉ឺនរៀល
១២/លោកឧកញ៉ា សុន ដារ៉ាវុធ និងលោកជំទាវ ៥០ម៉ឺនរៀល
១៣/ឧកញ៉ា សុខ មុយលី ៥០ម៉ឺនរៀល
១៤/លោកឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ ១លានរៀល
១៥/លោកឧកញ៉ា ខេមរៈ សិរីមន្ត និងលោកជំទាវ ១លានរៀល
១៦/លោកឧកញ៉ា ហ៊ួត ជា ៥០ម៉ឺនរៀល
១៧/តារាម្រៀង ខាន់ ជេមស៍ និងភរិយា ៤០ម៉ឺនរៀល
១៨/តារាចម្រៀង តន់ ចន្ទសីម៉ា ៤០ម៉ឺនរៀល៕