ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 និងភរិយា បានប្រកាសជួយផ្គត់ផ្គង់សម្រាប់ការរស់នៅ និងអាហារហូបចុក ដល់លោកតា វ័យ៩២ឆ្នាំម្នាក់ នៅទីជនបទដាច់ស្រយាលមួយកន្លែង ដែលរស់នៅគ្មានទីពឹងនិងគ្មានកូនចៅនៅក្បែរ រហូតដល់ជីវិតចុងក្រោយ។
លោកឧកញ៉ា យឹម តាស្រង់ បានឱ្យដឹងថា លោកនិងភរិយានឹងផ្គត់ផ្គង់លោកតាអាយុ ៩២ឆ្នាំ សម្រាប់ការហូបចុក រហូតដល់ជីវិតចុងក្រោយរបស់លោកតា ហើយនឹងរ៉ាប់រងរៀបចំពិធីបុណ្យសពឱ្យបានសមរម្យពេលលោកតាលាចាកលោកទៅ។ លោកឧកញ៉ា បានបន្តថា លោកតាជាចាស់ជរាមួយរូប ដែលគ្មានទីពឹង និងមិនមានគ្រួសារទេ សូម្បីអាហារហូបចុកក៏ស្ទើរតែគ្មាន។
ដោយមើលឃើញពីទុក្ខលំបាករបស់លោកតាខាងលើនេះ លោកឧកញ៉ា យឹម តាស្រង់ និងភរិយា ព្រមទាំងក្រុមការងារ បានចុះជួយសម្អាតរៀបចំផ្ទះលោកតា ដោយរៀបចំពូកខ្នើយថ្មី ខោអាវថ្មី ព្រមទាំងជូនសម្ភារៈឧបភោគបរិភោគមួយចំនួន ដូចជា ត្រីខ មី អង្ករ និងថវិកាផងដែរ។ ជាពិសេស លោកឧកញ៉ា ក៏បាននាំយកយិនស៊ិនសុខភាពម៉ាក់ EEw9 ជូនលោកតាទុកពិសារ ដើម្បីជួយជំនួយកម្លាំង ជំនួយសុខភាព។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០២ ខែមីនានេះ លោកឧកញ៉ា យឹម តាស្រង់ បានបញ្ជាក់ថា ឆ្នាំនេះលោកនិងភរិយា ២នាក់ប្តីប្រពន្ធមានកញ្ចប់ថវិកាផ្ទាល់ខ្លួនមួយចំនួន ដែលបានមកពីការលក់ផលិតផល ដើម្បីចុះជួយពុកម៉ែបងប្អូនដែលជួបការលំបាកតាមខេត្តក្រុង ហើយនេះជាការរួមចំណែកដ៏តូចមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសង្គម ក្រោមដំបូលនៃសន្តិភាព៕