អ្នកឧកញ៉ា ទី ពិសិដ្ឋ សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកបច្ច័យមួយចំនួន បានពីការចូលរួមចាប់មគ្គផលរបស់ថ្នាក់ដឹកនាំនិងសមាជិកសមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនអ្នកឧកញ៉ា សុខ គង់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា ដើម្បីចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គីជាតិកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ ម៉ែត្រ និងពិធីរាប់បាត្រព្រះសង្ឃ ១,០០០ អង្គនៅលើភ្នំបូកគោ។

តាមរយៈទំព័រហ្វេសប៊ុកសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងផងដែរថា ការប្រគល់បច្ច័យនេះ ក៏មានការចូលរួមពី ឧកញ៉ា លាង ហុី ឧកញ៉ា សុខ ផេង ឧកញ៉ា ស៊ុយ ហេង និងឧកញ៉ា សាយ សុភ័ត្រា ដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ នេះជាថ្ងៃទី៣នៃពិធីបុណ្យផ្ការស្មីសាមគ្គីជាតិកសាងព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គនៅលើខ្នងភ្នំបូកគោ។ នៅព្រឹកថ្ងៃទី៣នេះដែរ មានពិធីរាប់បាត្រ ព្រះសង្ឃ ១,០០០ អង្គ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម អ្នកឧកញ៉ា សុខ គង់ និងលោកស្រី។

សូមជម្រាបថា សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះមេគណរាជធានី ខេត្ត និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម រួមជាមួយ អ្នកឧកញ៉ា សុខ គង់ និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យផ្ការស្មីសាមគ្គីជាតិដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ខេត្តកំពត រយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

គម្រោង សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់ ដែលមានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំក្នុងការកសាងព្រះពុទ្ធប្បដិមាដ៏ធំ និងខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏នឹងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាទាំងនោះ នឹងគង់នៅជាសម្បត្តិវប្បធម៌ជាតិតជំនាន់ សម្រាប់ជាទីសក្ការ:ដ៏ឧដុង្គឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយ៕
